Ad Code

អតីត​សកម្មជន​ឃោសនិក​បក្សប្រឆាំង​ម្នា​ក់ថា ពីមុន​មនុស្ស​ដែល​ខ្ញុំ​ស្អប់ គឺ​ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​តែងតែ​វាយប្រហារ ប្រមាថ​សម្តេច​ធ្ងន់ៗ គ្រប់​រូបភាព​



ភ្នំពេញ​ ៖ កញ្ញា ធី សុវណ្ណ​ថា បច្ចុប្បន្ន​ជា​ប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ប្រវត្តិ​ជា​អតីត​សមាជិក និង​ជា​ឃោសនិក​ពិសេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ល្បីឈ្មោះ​ផង​នោះ បាន​អះអាងថា ពីមុន​មនុស្ស​ដែល​នាង​ស្អប់ គឺ​ សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​ នាង​តែងតែ​វាយប្រហារ ប្រមាថ​ធ្ងន់ៗ​គ្រប់​រូបភាព​ទាំងអស់ តែ​ទីបំផុត​ សម្ដេច គឺ​មនុស្ស​ដែល​បាន​ជួយ​ជីវិត​របស់​នាង​ទៅវិញ​។​

កញ្ញា ធី សុវណ្ណ​ថា រៀបរាប់​បែបនេះ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។ កញ្ញា​បានបញ្ជាក់​យ៉ាងនេះ​ថា “​ឆ្នាំ​២០១៣ អាយុ​១៨​ឆ្នាំ ខ្ញុំ​ចូល​ប្រឡូក​ក្នុង​នយោបាយ ដោយ​ទទួល​នយោបាយ​លាប​ពណ៌​ពី​បក្សប្រឆាំង ខ្ញុំ​ចាត់ទុក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស​ត្រូវ ចាត់ទុក ​លោក សម រង្សី កឹម សុខា ជា​វីរបុរស​។ កាលនោះ ខ្ញុំ​មាន​ឆន្ទៈ និង​ក្លាហាន​ទាំង​ល្ងឹតល្ងង់ ប្រើ​រថយន្ត​ផ្ទាល់ខ្លួន ចំណាយ​ថវិកា កម្លាំងកាយ និង​កម្លាំងចិត្ត ចូលរួម​ដឹកនាំ​ហែ​ប​ក្ស បាតុកម្ម ទាំង​ថ្ងៃ​យប់ ក្តៅ​រងា​ភ្លៀង ប្រឈម​នឹង​បញ្ហា​បាតុកម្ម​ហិង្សា​ជាច្រើន​”​។​

កញ្ញា ធី សុវណ្ណ​ថា លើកឡើង​ទៀតថា “​ឆ្នាំ​២០១៤ កញ្ញា កឹម មនោ​វិទ្យា កូនលោក កឹម សុខា ប្រើ​អំណាច​ឪពុក ព្យាយាម​លាប​ពណ៌ រំខាន​សកម្មភាព​រប​ស់​ខ្ញុំ និង​ដាក់ចេញ​ជា​គោលនយោបាយ​ប្រឆាំង​ខ្ញុំ​។ ប្រាប់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​មិន​ឲ្យ​ផ្ញើ​ប្រាក់​មូលនិធិ​ឲ្យ​ខ្ញុំ ដែល​កាលនោះ ខ្ញុំ​ទទួលបាន​រាប់ម៉ឺន​ដុល្លារ​ក្នុង​១​ខែៗ រយៈពេល​២​ឆ្នាំ ខ្ញុំ​ទទួល​ប្រាក់​មូលនិធិ​ខ្ទង់​៧០​ម៉ឺន​ដុល្លារ​។ ប្រាប់​សារព័ត៌មាន និង​សកម្មជន​មិន​ឲ្យ​ថតរូប និង​ផ្សព្វផ្សាយ​ពី​ខ្ញុំ​, បណ្ដេញ និង​រារាំង​ខ្ញុំ ពី​វេទិកា​បក្ស ក្បួន​ហែប​ក្ស​ផ្សេងៗ​, ចេញ​លិខិត​បក្ស​បញ្ចប់​តួនាទី​ខ្ញុំ​ពី​អ្នក​ឃោសនិក​ពិសេស និង​បណ្ដេញ​ខ្ញុំ​ចេញពី​បក្ស​។ ខ្ញុំ​អត់ធ្មត់​២​ឆ្នាំ ព្យាយាម​តស៊ូ​មតិ រកខុសរកត្រូវ ទាមទារ​យុត្តិធម៌​ពី ​លោក សម រង្សី និង ​កឹម សុខា និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​។ ជា​លទ្ធផល លោក​សម រង្សី កឹម សុខា មួរ សុខ​ហួរ អេង ឆៃអ៊ាង ថ្នាក់​ដឹកនាំ​ជាច្រើន មិន​ហ៊ាន​និយាយ ក៏​ស្របតាម​កូនលោក កឹម សុខា បណ្ដេញ​ខ្ញុំ​ចេញពី​បក្ស​យ៉ាង​អយុត្តិធម៌​”​។​

ទោះជា ប្រឈម​នឹង​បញ្ហា​ផ្ទៃក្នុង​យ៉ាងខ្លាំង កញ្ញា ធី សុវណ្ណ​ថា អះអាងថា "​ខ្ញុំ​នៅតែ​ពង្រឹង​ឆន្ទៈ​ខ្លួន ចូលរួម​គ្រប់​សកម្មភាព បក្សប្រឆាំង​បាតុកម្ម​ផ្សេងៗ​។ សកម្មភាព​បាតុកម្មហិង្សា​ជាច្រើន ដូចជា បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៤ ជិត​បន្ទាយ​៩១១, បាតុកម្មហិង្សា ទីលាន​ប្រជាធិបតេយ្យ​, បាតុកម្ម​គប់​ដប​ដុំថ្ម នៅ​ស្ទឹងមានជ័យ​, បាតុកម្ម​គប់​ដប​សាំង នៅ​ផ្លូវ​វេ​ស្រេង​...​តែងមាន​មនុស្ស​១​ក្រុម ប្រាប់​ខ្ញុំ កៀង​ការពារ​សុវត្ថិភាព​ខ្ញុំ ចេញពី​ការផ្ទុះ​អំពើហិង្សា បើ​គ្មាន​ក្រុម​នោះទេ ពេលនេះ ធី សុវណ្ណ​ថា នឹង​ក្លាយ​ជា​រូបសំណាក​។ រហូតដល់​ឆ្នាំ​២០១៧ ទើប​ខ្ញុំ​ដឹង​ក្រុម​ដែល​តែង​កៀង​ការពារ​ជីវិត​ខ្ញុំ ពី​អំពើហិង្សា​បាតុកម្ម​ផ្សេងៗ គឺជា​អាជ្ញាធរ​សំងាត់ ដែល ​សម្ដេច​តេ​ជោ បញ្ជា​ឲ្យ​ការពារ​ជីវិត​ខ្ញុំ​។ ពូ​មីង បងប្អូន សាក​គិតពី​អារម្មណ៍​បែបនេះ អ្នក​ដែល​ខ្ញុំ​គោរព​ស្រលាញ់​ជា​វីរបុរស​ជាតិ​។ សម រង្សី កឹម សុខា បែរ​ជាម​នុស្ស​គ្មាន​ហេតុផល មិន​ស្គាល់​ល្អ​អាក្រក់ ខុសត្រូវ ផ្តល់​អយុត្តិធម៌​ឲ្យ​ខ្ញុំ បណ្ដោយ​ឲ្យ​កូន​ចេញ​លិខិត​បក្ស​ដក​តួនាទី​ខ្ញុំ​។ បណ្ដេញ​ខ្ញុំ​ចេញពី​បក្ស​យ៉ាង​អាម៉ាស់​។ ពេលនោះ អ្នក​ដែល​ខ្ញុំ​ស្អប់ គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ខ្ញុំ​តែង​គិតថា ជា​មនុស្ស​អាក្រក់ សាហាវ​ឃោរឃៅ ហើយ​ខ្ញុំ​តែងតែ​វាយប្រហារ ប្រមាថ​សម្តេច​ធ្ងន់ៗ គ្រប់​រូបភាព​...​សម្តេច​បែរជា​ម​នុស្ស ដែល​ជួយសង្គ្រោះ​ជីវិត​ខ្ញុំ និង​ជួយ​តាម​ការពារ​ខ្ញុំ​”​។​

ធី សុវណ្ណ​ថា រៀបរាប់​ទៀតថា ក្រោយមក សម្តេច ​បានផ្តល់​កម្លាំង​ចិត្ត​លើកសរសើរ​ខ្ញុំ​ក្នុង​វេទិកា​បរិស្ថាន​ពី​ការដឹកនាំ​សកម្មភាព​ទេសចរណ៍ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែមាន​ភាពកក់ក្តៅ និង​ការងារ​សង្គម​របស់ខ្ញុំ កាន់តែ​រឹងមាំ​។ ខ្ញុំ​ក៏​សម្រេចចិត្ត​ដ៏​ច្បាស់លាស់ រឹងមាំ​ដាក់​លិខិត​សុំ​ខមាទោស​ពី សម្ដេច​តេ​ជោ សម្តេច​បានផ្តល់​ការអនុគ្រោះ យោគយល់ មិន​ប្រកាន់​ទោសកំហុស​របស់ខ្ញុំ និង​បាន​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ កសាង​គុណសម្បត្តិ ក្លាយជា​មន្ត្រី​ដឹកនាំ​នយោបាយ នៅ​មូលដ្ឋាន​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ ខ្ញុំ​ចូល CPP មាន​ក្រុមប្រឆាំង​រាប់ម៉ឺន សែន​នាក់ ជេរប្រមាថ​ខ្ញុំ​យ៉ាងខ្លាំង តែ​ខ្ញុំ​អាច​ទ្រាំ​បាន ព្រោះ​ខ្ញុំ​មិន​អាច​ក្បត់​សេចក្តី​ពិត មិនអាច​ក្បត់​អំពើ​ល្អ ក្តីមេត្តា​ករុណា​របស់​ស​ម្តេច​តេ​ជោ បានទេ​។ ទោះជា​សម្តេច​តេ​ជោ បាន​អធ្យាស្រ័យ​លើកលែងទោស​ឲ្យ​ខ្ញុំ មិន​ប្រកាន់​ខ្ញុំ តែ​ខ្ញុំ​នៅតែ​ឈឺចាប់ ខ្មាសអៀន និង​មាន​វិប្បដិសារី​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​ខ្លួនឯង នេះហើយ​ជា​មូលហេតុ ដែល​ខ្ញុំ​មិនអាច​ទប់ទឹក​ភ្នែក​បាន​រាល់ពេល​ខ្ញុំ​មើលមុខ​សម្ដេច​តេ​ជោ​។​

តាម​កញ្ញា ធី សុវណ្ណ​ថា នេះ​ជា​រឿង​ពិត នៃ​ខ្សែ​ជីវិត​ដ៏​កម្សត់​របស់​នាង ដែល​គ្រប់​ថ្នាក់ដឹកនាំ និង​មហាជន​ទូទៅ​បានដឹង “​បើ​ពូ​មីង បងប្អូន​គឺជា​ខ្ញុំ តើ​បងប្អូន​ធ្វើយ៉ាងណា​?​។ កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុនសែន សម្បូរសប្បាយ អភិវឌ្ឍន៍ រីកចម្រើន​ជាខ្លាំង ទោះជា​កើតមាន​ចំណុច​អសកម្ម​ខ្លះ របស់​មន្ត្រី​ខិលខូច សម្ដេច​បាន​វះកាត់ កែទម្រង់​ជាតិ​កាន់តែ​ល្អ ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​។ ខ្ញុំ​ជាប់ជំពាក់​គុណ​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​គុណ​សង្គ្រោះ​ជីវិត ដែល​គ្មានអ្វី​តប​សង់​បានទេ​។ នាង​ខ្ញុំ ធី សុវណ្ណ​ថា សូម​ស្បថ​ចំពោះ​វត្ថុ​ស័ក្ដិសិទ្ធិ និង​មហាជន​ក្នុង Facebook ដោយស្មោះ​ស្ម័គ្រ ចូលរួម​ជាមួយ​អ្នកគាំទ្រ CPP ចូលរួម​ជាមួយ​កងទ័ព និង​ ប៉ូលិស ហ៊ាន​ពលី​ជីវិត​ការពារ​សន្តិភាព ការពារ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ក្រុម​គ្រួសារ​ជា​រាងរហូត​”​។​

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណ​ថា អតីត​សមាជិក និង​ជា​ឃោសនិក​ពិសេស ព្រមទាំង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ល្បីឈ្មោះ បានស្នើ​សុំចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧ ហើយ​បាន​ក្លាយជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ផ្លូវការ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​។ នាង​ត្រូវបាន ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្រេច​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា តាម​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៨ ស្ដីពី​ការ​កែសម្រួល និង​តែងតាំង​មន្ត្រី​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ និង​ភូមិ នៃ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu