ភ្នំពេញ ៖ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបែបនេះ បានធ្វើឡើងនៅក្នុងពិធីចុះសួរសុខទុក្ខ យោធិន គ្រួសារយោធិន យោធិនពិការ គ្រួសារយោធិនពលី និងនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២-២៥៦៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០១៩។
មានប្រសាសន៍នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានរតនាគារជាតិ ដែលជាសម្ព័ន្ធភាពដ៏ល្អរបស់កងពលតូចថ្មើរជើងលេខ៥៣ ដែលជួយដោះស្រាយការងារ ការលំបាកផ្សេងៗទៀតដល់កងទ័ព និងគ្រួសារកងទ័ព និងបានអបអរសាទរចំពោះសមិទ្ធផលថ្មីៗរបស់អង្គភាព ដូចជាផ្លូវចាក់កៅស៊ូជាង១០០០ម៉ែត្រ អាគារកងអនុសេនាធំចំនួន២ខ្នង និងសមិទ្ធផលផ្សេងៗទៀត។ លោកបន្តថា កន្លងទៅយើងបានសុខសប្បាយ ត្រជាក់ត្រជុំ មិនថាទាហាន មិនថាស៊ីវិល មិនថាគ្រួសារទ័ព មិនថាគ្រួសារប្រជាពលរដ្ឋនោះទេ គឺយើងចង់បានអីចឹង។ ចូលឆ្នាំម្ដងៗប្រកបទៅដោយភាពសប្បាយរីករាយ សន្តិសុខ និងឈានឆ្ពោះទៅមើលឆ្នាំថ្មីសុខសប្បាយរីករាយ ជាជាងឆ្នាំដែលវឹកវរ ដោយសារសង្គ្រាម ដោយសារអសន្តិសុខសង្គម។ ឆ្នាំ២០១៨-២០១៩ នេះគឺយើងនៅតែបន្តស្ថិរភាពក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល។
ទាក់ទងការចង់សម្ព័ន្ធភាពនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋាន រតនាគារជាតិ ដែលបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងកងយោធពលខេមរភូមិន្ទលើគ្រប់វិស័យ។ ជាក់ស្តែងបានអនុវត្តយ៉ាងសកម្មនូវកិច្ចការសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចថ្មើរជើងលេខ៥៣ តាំងពីដើមរៀងមក រហូតកងពលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងពង្រឹងបាននូវសមត្ថភាពក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។ ជាពិសេសការជួយទំនុកបម្រុងដល់បងប្អូនវីរយុទ្ធជន ដែលបានបំពេញភារកិច្ចអស់រយៈពេល៤០ឆ្នាំ ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង។
តាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការចងសម្ពន្ធភាព គឺជាការចូលរួមចំណែកពិតប្រាកដ និងទឹកចិត្តនៃការជួយដល់កងទ័ពដើម្បីជួយទៅដល់ខឿនការពារជាតិរបស់យើងទាំងអស់គ្នា។ នេះគឺជាការចែករំលែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ ដែលធ្វើឲ្យដំណើរការសម្ព័ន្ធមេត្រីភាពនៅទីនេះបានចូលរួម ហើយសង្ឃឹមថាសម្ព័ន្ធមេត្រីភាពនឹងបន្តជួយបន្ថែមទៀតទៅដល់អង្គភាព។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៅក្នុងអង្គភាពកងពលថ្មើរជើងលេខ៥៣ ដែលបានបំពេញភារកិច្ចជូនជាតិក្នុងការការពារសុខសន្តិភាពបូរណភាពទឹកដី ហើយបានផ្តាំផ្ញើ ទី១, ត្រូវគោរព និងអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងច្បាប់រដ្ឋផ្សេងៗទៀត។
ទី២, ត្រូវបន្តអនុវត្តផែនការយុទ្ធសាស្ត្រសំខាន់ៗ ជាអាទិ៍ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ជាពិសេសគោលនយោបាយលើវិស័យការពារជាតិ រួមមានសៀវភៅ ស ការពារជាតិឆ្នាំ២០០៦ និងវិវេចនាយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៣ ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងផែនការសកម្មភាពការងារយោធារបស់កងទ័ពជើងគោក ឆ្នាំ២០១៩។
ទី៣, ត្រូវចាត់តាំងផ្សព្វផ្សាយ និងរៀនសូត្រជាបន្ទាន់នូវសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងបាវចនា២ គឺ “កែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅលើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យជាតិ” ក៏ដូចជា អភិក្រមទាំង ៥ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និងវះកាត់”។
ទី៤, រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់តួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព តាមរយៈ ការអនុវត្តឱ្យបានជោគជ័យនូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកដែលប្រគល់ជូន។
ទី៥, ត្រូវផ្តោតការយកចិត្តទុកដាក់ជាចាំបាច់លើការងារអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយអប់រំអំពីច្បាប់រដ្ឋ បទវិន័យកងទ័ព និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលចំពោះកងទ័ព។ ទី៦, ត្រូវបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺន និងសកម្មចូលរួមរៀនសូត្រឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ដោយគោរពឲ្យបានខ្ជាប់ខ្ជួន និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ។
ទី៧, យកចិត្តទុកដាក់ថែរក្សាការពារ គ្រប់គ្រង និងរក្សាទុកដាក់អាវុធ-គ្រាប់ ជាតិផ្ទុះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមច្បាប់របស់រដ្ឋ។ អាវុធ-គ្រាប់ទាំងអស់ត្រូវស្ថិតក្នុងកន្លែងមានសុវត្ថិភាពដោយមិនឲ្យធ្លាក់ទៅដល់ដៃខ្មាំងសត្រូវឡើយ។
ទី៨, ត្រូវបន្តអនុវត្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពសម្ព័ន្ធមេត្រី រួមជាមួយប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅពង្រឹងសាមគ្គីភាពជាតិ ការកសាងអង្គភាព និងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវរាល់បទល្មើសនានា ដែលធ្វើឲ្យមានអស្ថិរភាពក្នុងសង្គមជាតិ និងត្រៀមមធ្យោបាយ សម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ។
ទី៩, ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ រួមចំណែកក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព និងខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់កងទ័ព ជាពិសេស ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តនូវគោលនយោបាយខឿនការពារជាតិរបស់ប្រជាជនឱ្យបានជាប់លាប់។
ទី១០, ត្រូវសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនានា ខិតខំប្រមូលផ្គុំបង្កើនវិធានការប្រមូល ព័ត៌មានដើម្បីវិភាគ និងវាយតម្លៃព័ត៌មាន ដែលទាក់ទងដល់សន្តិសុខជាតិ ឧបាយកលនានា ដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនយោយបាយ និងដំណើរឆ្ពោះទៅមុខ នៃការអភិវឌ្ឍប្រទេស សំដៅរួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបស្របតាមច្បាប់ជាធរមាន។
តាមរបាយការណ៍របស់របស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣បានឲ្យដឹងថា គិតមកទល់ពេលនេះ កងពលបានចងសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ និងធនាគារវឌ្ឍនៈអស់រយៈពេល១៤ឆ្នាំមកហើយ ដែលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបំផុសចលនាសម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន-អង្គភាពស៊ីវិល ជាមួយកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបការពារជាតិ។ ក្នុងនោះ កងពលបានទទួលជំនួយឧបត្ថម្ភជាច្រើន រួមមានសម្ភារៈ បរិក្ខារ និងគ្រឿងឧបភោគបរិភោគ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ បម្រើឱ្យសេចក្តីត្រូវការរបស់អង្គភាព និងគ្រួសារយោធិន៕
Source: Kampuchea Thmey Daily
0 Comments