មេដឹកនាំគណបក្សថ្មីមួយដែលបានប្រកួតប្រជែងនឹងរដ្ឋាភិបាលយោធាថៃត្រូវបានចោទប្រកាន់កាលពីថ្ងៃសៅរ៍ពីបទបំបះបំបោរ ដែលនេះជាសកម្មភាពផ្លូវច្បាប់ចុងក្រោយបំផុតដែលអ្នកនយោបាយលេចធ្លោថ្មីត្រូវប្រឈមមុខបន្ទាប់ពីការបោះឆ្នោតពោរពេញដោយជម្លោះកាលពីខែមិនា។
ការចោទប្រកាន់ពីបទបះបោរដែលត្រូវបានដាក់ដោយរដ្ឋាភិបាលយោធាថៃគឺជាករណីព្រហ្មទណ្ឌទី២ដែលប្រឆាំងនឹងលោក Thanathorn Juangroongruangkit អាយុ៤០ឆ្នាំចាប់តាំងពីគាត់បានបង្កើតគណបក្សអនាគតឆ្ពោះទៅមុខកាលពីឆ្នាំមុន។
ករណីឆ្នាំ២០១៥បានលេចឡើងជាថ្មីបន្ទាប់ពីគណបក្សអនាគតឆ្ពោះទៅមុខបានទទួលភាពខ្លាំងគួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងការបោះឆ្នោតថ្ងៃទី២៤ខែមីនាដោយជាប់ចំណាត់ថ្នាក់ទីបីជាមួយសំឡេងឆ្នោត៦.២លានសំឡេង។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនច្បាស់លាស់ថាតើគណបក្សមួយណាដែលអាចបង្កើតរដ្ឋាភិបាលមួយបានបន្ទាប់ពីការបោះឆ្នោតជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤មក។ លទ្ធផលចុងក្រោយអាចនឹងមិនបញ្ចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។
គណបក្សអនាគតឆ្ពោះទៅមុខបានចូលរួមក្នុងសម្ព័ន្ធភាព “លទ្ធិប្រជាធិបតេយ្យ” ដែលនឹងព្យាយាមបង្កើតរដ្ឋាភិបាលមួយនិងរារាំងលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាពីការបន្តកាន់អំណាច។
ប៉ូលិសបានប្រាប់រ៉យទ័រថា ពាក្យបណ្តឹងនេះមានតាំងពីឆ្នាំ២០១៥មកម្ល៉េះនៅពេលដែលលោក Thanathorn ត្រូវបានគេចោទប្រកាន់ថា បានផ្តល់ជំនួយដល់មេដឹកនាំបាតុករប្រឆាំងនឹងរដ្ឋប្រហារយោធាឆ្នាំ២០១៤ដែលរំលោភលើបម្រាមរបស់រដ្ឋាភិបាលលើការប្រមូលផ្តុំនៃមនុស្សច្រើនជាងប្រាំនាក់។
លោក Thanathorn ត្រូវបានគេចោទប្រកាន់ពីបទរំលោភមាត្រាទី១១៦នៃក្រមព្រហ្មទណ្ឌថៃដែលស្មើនឹងការបះបោរនិងមាត្រាទី១៨៩សម្រាប់ការជួយដល់អ្នកដទៃដែលបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ។
គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំប្រសិនបើរកឃើញកំហុស។
លោក Thanathorn ក៏ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដាច់ដោយឡែកមួយទៀតផងដែរពាក់ព័ន្ធសុន្ទរកថាដែលលោកធ្វើឡើងលើ Facebook ដែលរិះគន់រដ្ឋាភិបាលក្នុងខែកក្កដា៕ REUTERS
Source: Kampuchea Thmey Daily
0 Comments