ភ្នំពេញ ៖ បុរសម្នាក់ បើក រថយន្ត RX350 ពាក់ស្លាកលេខរដ្ឋ បុករបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទេច ទៅមុខលែងរួច សង្ស័យមានរឿងអីអាថ៌កំបាំងខ្លាំងណាស់ចឹង បានចុះពីលើឡានដកកាំភ្លើងខ្លីធ្លាក់គ្រាប់នៅកន្លែងកើតហេតុ ហើយភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ជាចំណាប់ខ្មាំងឲ្យឌុបចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់ទៅវិញ។
ហេតុការណ៍នេះ បានបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជនកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវម៉ៅសេទុង ទល់មុខវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន។
រថយន្តបង្កឡិចស៊ីសRX350 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ17 2-0845 STATE បើកបុករបាំងពុះចែកទ្រូងផ្លូវរួចដកកាំភ្លើងភ្ជង់អ្នករត់ម៉ូតូឌុបឲ្យបើកឌុបចេញពីកន្លែងកើតហេតុ និងបន្សល់ទុកគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់។
តាមសេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថា មានរថយន្ដម៉ាកឡិចស៊ីសRX350មួយគ្រឿង សង្ស័យម្ចាស់ស្រវឹងស្រាខ្លាំង បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ភ្លាមៗនោះអ្នកបើកបរទំនងជាខ្លាចសមត្ថកិច្ចជំនាញចរាចរណ៍ ឬអ្នកសារព័ត៌មានទៅទាន់ ក៏ស្ទុះចេញក្នុងរថយន្តដកកាំភ្លើងភ្ជង់អ្នករត់ម៉ូតូឌុបធ្វើជាចំណាប់ខ្មាំង ឲ្យបើកឌុបចេញពីកន្លែងកើតហេតុ រួចបានបន្សល់ទុកគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់នៅកន្លែងកើតហេតុ។
ទោះជាយ៉ាងណាករណីនេះមិនទាន់ដឹងច្បាស់ថា ម្ចាស់ឡានបញ្ចេញសកម្មភាពបែបនេះក្នុងគោលបំណងអ្វីឲ្យពិតប្រាកដទេ ព្រោះគេមិនអាចទាក់ទងសួរនាំបាន ហើយមកដល់ពេលនេះក៏មិនទាន់ដឹងថាអ្នករត់ម៉ូតូឌុប ដែលត្រូវបុរសនោះភ្ជង់ឲ្យឌុបចេញទៅនោះមានវាសនាយ៉ាងណាដែរ៕
Source: Kampuchea Thmey Daily
0 Comments