Ad Code

លោក Guaido អំពាវនាវ​ឲ្យ​ធ្វើបាតុកម្ម​ដើម្បី​រក្សា​សម្ពាធ​លើ​លោក Maduro



មេដឹកនាំ​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Juan Guaido បាន​ជំរុញ​ឲ្យ​អ្នកគាំទ្រ​របស់គាត់​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​រក្សា​សម្ពាធ​ទៅលើ​លោក​ប្រធានាធិបតី Nicolas Maduro ស្របពេល​មាន​កំហឹង​កាន់តែខ្លាំង​ឡើង​ជុំវិញ​ការដួលរលំ​នៃ​សេវាសាធារណៈ​។​

អ្នកគាំទ្រ​គណបក្សប្រឆាំង​រាប់ពាន់នាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​ដើរ​ដង្ហែ​តាម​រដ្ឋធានី Caracas ចាប់ពី​ម៉ោង​១១​ព្រឹក​ថ្ងៃ​សៅរ៍​ទៅ​ខណៈ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុង​តស៊ូ​ជាមួយ​ការ​ដាច់​ភ្លើង​ដ៏​ធំ​និង​ការដួលរលំ​នៃ​សេវាសាធារណៈ​។​

លោក Guaido ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ដោយ​ប្រទេស​ជាង​៥០​បាន​និយាយ​នៅក្នុង​សារ Twitter កាលពី​ថ្ងៃ​សុក្រ​ថា “​ចូរ​យើង​រក្សា​ជំហរ​រឹងមាំ​នៅតាម​ដងផ្លូវ​។ នេះ​គឺ​ដើម្បី​ជីវិត​របស់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទាំងអស់​”​។​

ទន្ទឹម​នោះ លោក Maduro ដែល​បាន​បន្ទោស​អាមេរិក​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី​នាពេល​ថ្មីៗ​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​រដ្ឋាភិបាល​ដើរ​ក្បួន​នៅក្នុង​ទីក្រុង Caracas ផងដែរ​។​

លោក Guaido បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា លោក​ភ័យខ្លាច​ការចាប់​ពង្រត់​ដោយ​ភ្នាក់ងារ រដ្ឋាភិបាល​បន្ទាប់​ពីស​មា​ជិ​ក​សភា​ដែល​គាំទ្រ​លោក Maduro បាន​ដក​អភ័យឯកសិទ្ធិ​រដ្ឋសភា​របស់លោក​កាលពី​ថ្ងៃ​អង្គា​រហើយ​បានអនុញ្ញាត​ឲ្យ​តុលាការ​កំពូល​របស់​ប្រទេស​នេះ​ធ្វើការ​ចោទប្រកាន់​លោក​សម្រាប់​ការប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​។​

សហរដ្ឋអាមេរិក​គឺ​ស្ថិតក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បានទទួល​ស្គាល់​លោក Guaido នៅពេលដែល​មេដឹកនាំ​រដ្ឋសភា​រូបនេះ​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​២៣​ខែមករា​ដោយ​រក្សា​សម្ពាធ​ជា​អន្តរជាតិ​លើ​លោក Maduro ឲ្យ​លាលែង​ពី​តំណែង​។​

ចំណែក​លោក​អនុ​ប្រធានាធិបតី Mike Pence បានប្រកាស​ការដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​នាវា​ចំនួន​៣៤​គ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​ក្រុមហ៊ុន​ពីរ​ដែល​ដឹក​ប្រេង​ឆៅ​ទៅ​ប្រទេស​គុយបា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu