Ad Code

ថៅកែ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ប្រកាស​កែន​អ្នកគាំទ្រ​ឲ្យ​បាន​៥០០០​នាក់​ពេល​ប៉ះ​ក្រុម​បឹងកេត ថ្ងៃអាទិត្យ​នេះ​



បុរស​ជនជាតិ​ជប៉ុន Akihiro Kato ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកាស​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​អញ្ជើញ​អ្នក​និយម​បាល់ទាត់ ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ឲ្យ​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​ទឹកដី​លើកដំបូង​របស់​ខ្លួន​តទល់​ក្រុម​ជើងឯក​៣​សម័យកាល​បឹងកេត​អែ​ហ្វ​ស៊ី នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​០៧ មេសា ឆ្នាំ​២០១៩ នេះ​ឲ្យ​បាន​ដល់​ចំនួន​៥០០០​នាក់ ដើម្បី​បំបែក​កំណត់ត្រា​រដូវ​កាល​ចាស់​។



​បុរស​ដែល​មក​វិនិយោគ​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៥ បាន​សរសេរ​បញ្ជាក់ថា «គម្រោង​អ្នកគាំទ្រ​៥០០០​នាក់​! ខ្ញុំ​ចង់យក​ជ័យជម្នះ​លើ​បឹងកេត ក្នុង​ការ​ប្រកួត​លើកដំបូង​របស់​យើង​លើ​ទឹកដី​ខេត្តសៀមរាប នា​ថ្ងៃទី​០៧ មេសា​ខាង​នេះ ជាមួយ​អ្នកគាំទ្រ​ថា​យ​ហ្គឺ​រ​៥០០០​នាក់​។ តើ​អ្នក​នឹង​ចូលរួម​ជាមួយ​យើង​ទេ​? សូម​មក​ចូលរួម​ទស្សនា​! កុំ​ភ្លេច​ថ្ងៃទី​០៧ មេសា​!»​។

គួររំឭក​ថា កាលពី​រដូវ​កាល​២០១៨​កន្លងទៅ អង្គ​រថា​យ​ហ្គឺ​របា​ន​បង្កើត​កំណត់ត្រា​ទាក់ទាញ​បាន​អ្នកចូលរួម​ទស្សនា​បាន​ច្រើន​ជាង​គេ សម្រាប់​ការប្រកួត​លី​គ​កំពូល​កម្ពុជា ពោល​មាន​អ្នកទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ប្រមាណ​ជាង​៤២០០​នាក់ ព្រមទាំង​ឈ្នះ​ពានរង្វាន់​លើកទឹកចិត្ត​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) ផងដែរ​ចំពោះ​សកម្មភាព​លើសគេ​នេះ​។



កន្លងមក​បុរស​មកពី​ជប៉ុន​ខាងលើ​ធ្លាប់​បាន​លើក​ឡើង​ថា «៥​ទៅ​១០​ឆ្នាំ​ខាងមុខ ខ្ញុំ​ដាក់​គោលដៅ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ ក្លាយជា​ក្លិប​លេខ​១​ក្នុង​តំបន់​អាស៊ាន ហើយ​ខ្ញុំ​រំពឹង​ថា កីឡាករ​ទាំងអស់​នឹង​លះបង់​ខ្ពស់ ដើម្បី​សម្រេច​ទស្សនវិស័យ​រប​ស់​យើង​។ អង្គ​រថា​យ​ហ្គឺ​រ ចង់​ក្លាយជា​និមិត្តរូប​នៃ​ក្ដី​សុបិ​ន្ត ក្ដី​សង្ឃឹម​និង​កម្លាំងចិត្ត សម្រាប់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ក៏ដូចជា​កម្ពុជា​ទាំងមូល​»​។

លោក Akihiro Kato មាន​មក​វិនិយោគ​ក្លិប​បាល់ទាត់​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ​ពោល​គឺ​លោក​បាន​កសាង​ក្លិប​ឡើងវិញ​ក្រោយ​ថ្នាក់ដឹកនាំ​ក្លិប​ត្រាយ​អាស៊ី ចាកចេញ ហើយ​ពេលនោះ​ក្លិប​បាន​ប្តូរ​ឈ្មោះ​ទៅជា​ខេ​ម​បូ​ឌា​ថា​យ​ហ្គឺ​រ និង​បន្ត​ប្តូរ​ឈ្មោះ​មក​អង្គ​រថា​យ​ហ្គឺ​រ វិញ​ពេល​ប្តូរ​មូលដ្ឋាន​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu