ភ្នំពេញ ៖ រថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រី ផ្ទុកសំរាមពេញ បានបើកបោះពួយទៅបុកម៉ូតូចំពីមុខបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី៦មេសា តាមបណ្តោយផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលត្រូវរថយន្តដឹកសំរាមបុកស្លាប់នេះ ឈ្មោះ តង សុភារម្យ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅផ្ទះលេខ២៨០B ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយឡែក អ្នកបើកបររថយន្តបង្កហេតុគ្រោះថ្នាក់ ត្រូវប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចាប់ប្រគល់ឲ្យសមត្ថកិច្ចនោះ ឈ្មោះ ជន ឈុនលី ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ចាម។
សាក្សីបានប្រាប់សមត្ថកិច្ចថា នៅមុនពេលគ្រោះថ្នាក់ គេបានឃើញជនរងគ្រោះបើកម៉ូតូម៉ាកសង់ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ1CY19 74ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកសំរាមគ្មានស្លាកលេខ ដែលបើកបរបញ្ច្រាសគ្នា បានរេចង្កូតទៅបុកម៉ូតូចំពីមុខ បណ្តាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗ។ សាក្សីអះអាងថា រថយន្តបើកបរលឿនណាស់៕
Source: Kampuchea Thmey Daily
0 Comments