សហរដ្ឋអាមេរិក បានដកហូតទិដ្ឋាការរបស់ប្រធានរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្ដរជាតិ (ICC) ពាក់ព័ន្ធការស៊ើបអង្កេតមួយអំពីសកម្មភាពរបស់ទាហានអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការិយាល័យរបស់លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋអាជ្ញា Fatou Bensouda នឹងបន្តបំពេញកាតព្វកិច្ចរបស់លោកស្រីសម្រាប់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះដោយគ្មានការភ័យខ្លាចអ្វីឡើយថ្វីបើមានបម្រាមនេះក៏ដោយ។
ទង្វើប្រឆាំងនឹងលោកស្រី Bensouda ដែលមានសញ្ជាតិហ្គាំប៊ីបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសពីការរឹតត្បិតលើបុគ្គលិក ICC ដែលស៊ើបអង្កេតបុគ្គលិកអាមេរិកឬសម្ព័ន្ធមិត្ត។
ការិយាល័យរបស់រដ្ឋអាជ្ញានៃ ICC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្វីដែលយើងអាចបញ្ជាក់បាននោះគឺថា អាជ្ញាធរអាមេរិកបានដកហូតទិដ្ឋាការរបស់រដ្ឋអាជ្ញាសម្រាប់ការចូលទៅក្នុងសហរដ្ឋអាមេរិក”។
ការិយាល័យរបស់លោកស្រី Bensouda បាននិយាយថា ក្រោមលក្ខន្តិកៈទីក្រុងរ៉ូមដែលគ្រប់គ្រង ICC ដែលក្រុងវ៉ាស៊ីនតោនបដិសេធចូលរួមចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២មកនោះ លោកស្រីមាន “អាណត្តិឯករាជ្យនិងមិនលំអៀង”។
ការិយាល័យបានបន្ថែមថា “រដ្ឋអាជ្ញានិងការិយាល័យរបស់លោកស្រីនឹងបន្តអនុវត្តកាតព្វកិច្ចច្បាប់នេះដោយការប្តេជ្ញាចិត្តខ្ពស់និងវិជ្ជាជីវៈដោយគ្មានការភ័យខ្លាច”។
សេចក្តីសម្រេចរបស់អាមេរិកមិនត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់លោកស្រី Bensouda ទេប្រសិនបើលោកស្រីធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដែលជាកន្លែងលោកស្រីនឹងផ្តល់ព័ត៌មានសង្ខេបជាប្រចាំដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការស៊ើបអង្កេត។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការឆ្លើយតបភ្លាមៗទេពីទីក្រុងវ៉ាស៊ីនតោនលើការហាមឃាត់ទិដ្ឋាការរបស់លោកស្រី Bensouda ។
សូមបញ្ជាក់ថា លោកស្រី Bensouda បានស្នើសុំចៅក្រម ICC នៅខែវិច្ឆិកាឆ្នាំ២០១៧ដើម្បីអនុញ្ញាតឲ្យបើកការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថានដែលប្រព្រឹត្តដោយពួកតាលីបង់ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងកងកម្លាំងអន្តរជាតិរួមទាំងកងទ័ពអាមេរិកផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments