Ad Code

សហព័ន្ធ​ប្រដាល់ ​ជំរុញ ​និង​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​បច្ចេកទេស​យកចិត្តទុកដាក់​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​កាត់ក្ដី​ការប្រកួត​



ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​តេ​ជោ ​ហ៊ុន សែន លើកឡើង​ពី​ភាពមិនប្រក្រតី​ក្នុងការ​កាត់ក្តី​របស់​អាជ្ញាកណ្ដាល​ពេល​ប្រកួត​ដែល​សង្កត់ធ្ងន់​លើ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​រៀបចំ​ការប្រកួត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ ដោយ​ការកាត់ក្តី​មិនមាន​ភាពត្រឹមត្រូវ យុត្តិធម៌ និង​គោរព ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ នៅ​ព្រឹក​ថ្ងៃទី​០៦ ​ខែ​មេសា ​ឆ្នាំ​២០១៩ បាន​បើក​កិច្ច​ប្រជុំ​មក​ទាន់​មួយ ដើម្បី​ណែនាំ​ជំរុញ ​និង​ដាក់​បទបញ្ជា​ដល់​មន្ត្រី​បច្ចេកទេស​ឲ្យ​យកចិត្តទុកដាក់​គោរព​តាម​អនុសាសន៍​ដ៏​ល្អ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

លោក​ឧត្ដមសេនីយ៍ ​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​គាំទ្រ​ និង​ប្ដេជ្ញា​គោរព​តាម​អនុសាសន៍​របស់ ​សម្ដេច​តេ​ជោ ព្រមទាំង​ប្ដេជ្ញា​អនុវត្តន៍​កែលំអ នូវ​អ្វី​ដែល​អនុវត្ត​កន្លងមក​មិន​ត្រឹម​ត្រូវ ដូចជា​ការកាត់ក្តី​រប​ស់​អាជ្ញាកណ្ដាល ការ​ដាក់​ពិន្ទុ ដោយ​ត្រូវតែ​គោរព​ទៅតាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ។​

ជាមួយនេះ សហព័ន្ធ​នឹង​ប្រជា​ជាមួយ​ស្ថានីយ ដើម្បី​ជជែក​ពិភាក្សា​រិះរក​វិធីសាស្ត្រ ធ្វើយ៉ាងណា​ឲ្យ​ការ​រៀបចំ​ការប្រកួត ​និង​លទ្ធផល មាន​តម្លាភាព អាច​ទទួល​យក​បាន គឺ​ឈ្នះ​ដឹង​ឈ្នះ ចាញ់​ដឹង​ចាញ់ មិនមែន​អ្នកឈ្នះ​ទៅជា​ចាញ់ អ្នក​ចាញ់​ទៅជា​ឈ្នះ​ទេ។​

លោក​ឧត្ដមសេនីយ៍ ​តែម ម៉ឺន បញ្ជាក់ថា ប្រជា​ថ្ងៃនេះ គឺ​ពី​មែន​ជាការ​ពិភាក្សា​ផ្លាស់ប្ដូរ​ពិសោធន៍​ការងារ​ទេ គឺជា​ការដាក់​បទបញ្ជា​ឲ្យ​អនុវត្ត​តែម្តង ហើយក៏​ជា​ការដែល​សហព័ន្ធ​ត្រូវអនុវត្ត​នូវ​អភិក្រម​ទាំង​៥​របស់​ សម្ដេច​តេ​ជា ​នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុល​ក្អែល ព្យាបាល និង​វះ​កាត់។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក​ប្រធាន​សហព័ន្ធ​ប្រដាល់​អះអាងថា ថ្វីត្បិតតែ​មិនទាន់បាន​កាត់​សាច់​ស្អុយ​ចោល​ក៏ដោយ ក៏​ចាប់ពី​ពេល នេះ​ទៅ លោក​នឹង​រឹតបន្តឹង​បញ្ហា​វិន័យ​ក្រម​សីល ធម៌​វិជ្ជាជីវៈ​ដល់​មន្ត្រី​បច្ចេកទេស ហើយ​ទើប​ឈាន​ដល់​ការអនុវត្ត​តាម​អភិក្រម​ទី​៥​របស់​សម្ដេច​តេជោ គឺ​កាត់​សាច់​ស្អុយ​ចោល​។​

ទន្ទឹម​នេះ លោក​ឧត្ដមសេនីយ៍ ​តែម​ ម៉ឺន បាន​ដាក់​ចេញ​នូវ​ផែនការ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស ពិសេស​អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែមាន​ការយល់ដឹង​ស៊ីជម្រៅ​ទៅលើ​បញ្ហា​ការកាត់ក្តី ដាក់ពិន្ទុ ស្រប​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ។​
គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៤​មេសា ក្នុង​ពិធី​សំណេះសំណាល​និង​ទទួលទាន​អាហារ​ជាមួយ​គ្រួសារ​កីឡា​និង ប្រមុខ​រាជរដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​អាជ្ញាកណ្ដាល​កីឡាប្រដាល់​ត្រូវគោរព​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ ដើម្បី​ផ្តល់​ភាព សុ​ក្រឹត្យ ដល់ កីឡាករ កីឡា​ការិនី​នៅពេល​ប្រកួត។​

សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អាជ្ញាកណ្ដាល​កីឡាប្រដាល់​ត្រូវតែទៅ​បណ្ដុះបណ្ដាល​ឡើងវិញ ដើម្បី​ឲ្យ​មាន​ការ គោរព​ក្រមសីលធម៌ នឹង​ផ្តល់​ពិន្ទុ​ដោយមាន​សុក្រឹតភាព ទើប​ធានា​ឲ្យ​ការប្រកួត​របស់​កីឡាករ កីឡា​ការិនី មាន​ភាព​យុត្តិធម៌​ទាំងអស់​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាកណ្ដាល នៅតែ​មិន​ព្រម​បណ្ដុះបណ្ដាល​ហើយ​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​កាត់សេចក្តី អយុត្តិធម៌ ចំពោះ កីឡាករ កីឡា​កា រិ​នី​ណាមួយ​នោះ សម្ដេច​អាច​នឹង​ចេញមុខ​ដោះស្រាយ​ដោយ ផ្ទាល់​ចំពោះ​អំពើ​អយុត្តិធម៌​នេះ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu