ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឲ្យពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង ១២០គ្រឿង ដែលរាជរដ្ឋាភិបាលផ្ដល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ មេសា។ សម្ដេចមានប្រសាសន៍ថា ការដាក់ដំណើរការរថយន្តទាំង១២០គ្រឿងនេះ គឺដើម្បីកាត់បន្ថយការចំណាយលើថ្លៃធ្វើដំណើររបស់ពលរដ្ឋ។
ជាមួយគ្នានេះដើម្បីធានាសុវត្ថិភាពធ្វើដំណើររបស់ពលរដ្ឋនោះ ប្រមុខរដ្ឋាភិបាលក្រើនរំលឹកឲ្យតៃកុងបើកបររថយន្តក្រុងទាំង ១២០នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយបើកបរគោរពច្បាប់និងកុំជែងគ្នា ជាពិសេសកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាម Facebook យ៉ាងដូច្នេះថា៖«ដើម្បីកុំឱ្យចំណាយលើការធ្វើដំណើរច្រើនសូមបងប្អូនជនរួមជាតិនិង កូនក្មួយប្រើប្រាស់ឡានក្រុងដែលបានដាក់ឱ្យដំណើរការដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២-១៨មេសា ដែលមានចំនួន ១២០គ្រឿង ។ តៃកុងបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា»។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរជនរួមជាតិទាំងអស់ធ្វើដំណើរទៅកាន់ស្រុកកំណើតមានសុខសុវត្ថិភាពតាមផ្លូវនិងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយ លោកតា ជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញចំនួន ១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋកម្មករនិយោជិតទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ចំនួនរថយន្តដែលត្រូវរត់តាមផ្លូវជាតិរួមមាន៖ ផ្លូវជាតិលេខ១ មាន ភ្នំពេញ-ខេត្តកណ្តាល-ស្វាយរៀង ចំនួន ៥គ្រឿង និងភ្នំពេញ-កណ្តាល-ព្រៃវែង ៥គ្រឿង សរុប១០គ្រឿង, ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ ៥គ្រឿង, ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប ៥គ្រឿង, ភ្នំពេញ-កំពត ៥គ្រឿងសរុប ១០គ្រឿង, ផ្លូវជាតិលេខ៤ភ្នំពេញ-កំពង់ស្ពឺ ៣គ្រឿង,ភ្នំពេញ-ក្រុងព្រះសីហនុ៧គ្រឿងសរុប១៣គ្រឿង, ផ្លូវជាតិលេខ៥ភ្នំពេញ-កំពង់ឆ្នាំង៥គ្រឿង,ភ្នំពេញ- ពោធិ៍សាត់ ១០គ្រឿង, ភ្នំពេញ-បាត់ដំបង ១៥គ្រឿង ,ភ្នំពេញ-បន្ទាយមានជ័យ ១៥គ្រឿង សរុប៤៥គ្រឿង, ផ្លូវជាតិលេខ៦ ភ្នំពេញ-កំពង់ធំ ៥ គ្រឿង, ភ្នំពេញសៀមរាប១៥គ្រឿង សរុប២០គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម ៥គ្រឿង, ភ្នំពេញ-ត្បូងឃ្មុំ ៥គ្រឿង សរុប១០ គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៨ ភ្នំពេញ-ក្រចេះ ៥គ្រឿង ភ្នំពេញ-ស្ទឹងត្រែង ៥គ្រឿង សរុប១០គ្រឿង។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments