ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា ទណ្ឌិត សម រង្ស៊ី គ្មានតម្លៃ ហើយគ្មានការចាំបាច់ណាមួយ ដើម្បីចាត់វិធានការនៅក្នុងប្រទេសកូរ៉េនោះទេ ពីព្រោះការចាត់វិធានការលោក សម រង្ស៊ី នៅកូរ៉េខាងត្បូង នាំឱ្យមានអរិភាពរវាងខ្មែរ និងខ្មែរ នៅលើទឹកដីបរទេស។
លោក ផៃ ស៊ីផាន បញ្ជាក់បែបនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ លោកបញ្ជាក់យ៉ាងនេះថា “ដើម្បីបញ្ចៀសការយល់ច្រឡំ ចំពោះវិធានការប្រឆាំងនឹងក្រុម ឬអង្គការ ដែលត្រៀមលក្ខណៈស្វាគមន៍ទណ្ឌិត សម រង្ស៊ី នៅឯនាយសមុទ្រនោះ គឺរាជរដ្ឋាភិបាលអាចមានលទ្ធភាពតាមផ្លូវច្បាប់ ក្នុងកិច្ចចាត់វិធានការដោយប្រការណាមួយជាចាំបាច់។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ទន់ភ្លន់ និងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកមានគុណធម៌ និងសីលធម៌ខ្ពស់នោះ ខ្ញុំផ្ទាល់យល់ឃើញថា គឺមិនមានតម្លៃនៃការចាំបាច់ណាមួយ ក្នុងកិច្ចចាត់វិធានការនោះទេ គឺនាំឱ្យមានអរិភាព ឬរូបភាពប្រទូសរ៉ាយរវាងខ្មែរ និងខ្មែរ នៅលើទឹកដីបរទេស ដែលសម្តេចតេជោ លោកមិនចង់ឃើញ ករណីនេះកើតឡើងនោះឡើយ ដែលអាចបង្កឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសជាតិ។ រាជរដ្ឋាភិបាលមានគោលការណ៍យ៉ាងមុតមាំ និងច្បាស់លាស់ ក្នុងកិច្ចថែរក្សាកិត្តិយស និងមុខមាត់របស់កម្ពុជា”។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែលជាប់ឈ្មោះជាទណ្ឌិត ហើយមានដីកាតាមចាប់ខ្លួនពីសមត្ថកិច្ចកម្ពុជានោះ គ្រោងទៅទស្សនកិច្ចនៅទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០-២១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ហើយក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនេះដែរ លោក សម រង្ស៊ី ចូលរួមក្នុងកម្មពិធីមួយចំនួនដូចជា ទី១. ថ្ងៃទី១៩ ចូលរួមសន្និសីទកូរ៉េ-កម្ពុជា ស្តីពីប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, សន្តិភាព (ទីក្រុងក្វាងជូធំ)។ ទី២. ថ្ងៃទី២០ ចូលរួមក្នុងកម្មពិធីសមាជអ្នកប្រជាធិបតេយ្យ ជាមួយបណ្តាអ្នកស្នេហាជាតិ មកពីជុំវិញសកលលោក។ ទី៣. ចូលរួមដឹកនាំមហាបាតុកម្ម ភ្លើងទៀនជាមួយអ្នកគាំទ្រ បក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េលើប្រធានបទ “ដំណើរឆ្ពោះទៅមុខ រំដោះប្រជាធិបតេយ្យកម្ពុជា” ហើយចលនាយុវជនបក្សសង្គ្រោះជាតិនៅកូរ៉េ ក៏អំពាវនាវមានចូលរួមឲ្យបានច្រើន ក្នុងបាតុកម្មមួយ ដែលមានឈ្មោះថា “ភ្លើងទៀន” ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments