ភ្នំពេញ ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង១០០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញអនុវិទ្យាល័យវត្តចាស់ នៃស្រុកមុខកំពូល ខេត្តកណ្តាលទទួលបានប៉មចម្រោះទឹកស្អាតថ្មីពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃពិសេសនៅក្នុងរដូវក្តៅនេះ។
ពិធីសម្ពោធប៉មចម្រោះទឹកស្អាតថ្មី នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។
លោក រស់ សោភា បានមានប្រសាសន៍ថា «ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់នៅត្រឹមតែការតម្លើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ឆ្នាំ។ អង្គការ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់”។
លោក រស់ សោភា បានបន្តទៀតថា «ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក»។
លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ទឹកស្អាតគឺជាសមាស ធាតុដ៏សំខាន់ ដែលនឹងរួមចំណែកធ្វើឲ្យសុខុមាលភាពរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែមានភាពល្អប្រសើរឡើង ហើយមានចិត្ត និងសុឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុដ៏ឧត្ដុង្គឧត្ដមនេះ មានតម្លៃមិនអាចកាត់ថ្លៃបាន។
សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២ ដែលបានតម្លើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័ន ដៃគូនៅក្នុងឆ្នាំ២០១៩នេះ បន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ១៦ផ្សេងទៀត ដែលក្រុមហ៊ុនបានតម្លើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ដែលមានការតម្លើងប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានា នៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។
ក្រុមហ៊ុនកូកា-កូឡាបានឲ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន ៥ទៀត នឹងត្រូវតម្លើងនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឲ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន១៦ ដែលក្រុមហ៊ុនបានតម្លើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៤៤,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០,០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើង១,៥ ដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៦បន្ថែមទៀតក្នុងឆ្នាំ ២០១៩នេះ៕
Source: Kampuchea Thmey Daily
0 Comments