ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងឡាន និងម៉ូតូ បើកបរឆ្លងផ្លូវលើកំណាត់ផ្លូវជាតិលេខ ២៦២៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦,៣៧ ត្រង់ចំណុច ភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើរវាងរថយន្ត និងម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។
សមត្ថកិច្ចចរាចរណ៍ស្រុកបានឲ្យដឹងថា រថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2x.0917 ពណ៌ស ជិះគ្នា ០២នាក់ បើកបរពីលិចទៅកើត អ្នកបើកបរឡាន ឈ្មោះ កែវ វី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅ ភូមិដែកជះ ឃុំដែកជះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងអ្នករួមដំណើរឈ្មោះ ផៃ រី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិជាមួយគ្នា។
រីឯម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ជិះម្នាក់ឯងបើកបរឆ្លងផ្លូវពីត្បូងទៅជើង ដោយពុំមានការប្រុងប្រយ័ត្ន អ្នកបើកបរម៉ូតូ ឈ្មោះ ថោង សាវឿន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (រងរបួសធ្ងន់)។ មូលហេតុ ដោយសារម៉ូតូបើកឆ្លងផ្លូវមិនមើលឆ្វេង មើលស្តាំ ទើបបណ្តាលឲ្យរថយន្តបុកតែម្តងទៅ។ ហើយត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងចរាចរណ៍ក្រុង បានធ្វើការវាស់វែងនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន ចំណែកវត្ថុតាងទាំងពីរ ជំនាញចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
Source: Kampuchea Thmey Daily
0 Comments