Ad Code

ឆ្នាំ​២០១៩​នេះ ​ធនាគារ​អេស៊ីលីដា​រំពឹងថា ​នឹង​ទទួលបាន​ប្រាក់ចំណេញ​ជាង​១០០​លាន​ដុល្លារ



ភ្នំពេញ ​៖​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា​រំពឹងថា ​នៅ​ឆ្នាំ​២០១៩​នេះ ធនាគារ​អេស៊ីលីដា​នឹង​ទទួលបាន​ប្រាក់ចំណេញ​កើន​ដល់​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ ខណៈ​ឆ្នាំ​២០១៨​កន្លងទៅ​ធនាគារ​ទទួលបាន​ប្រាក់​ចំណេ​ញ​ប្រមាណ​ជាង​៨៤​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្រោយ​ចូលរួម​ពិធីសូត្រមន្ត ប្រោស​ព្រំ​លើករាសី និង​រៀបចំ​ពិធីជប់លៀង​អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជូន​បុគ្គលិក​និង​អតិថិជន​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៩ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​មានប្រសាសន៍ថា​«​យើង​នឹង​អាច​សម្រេចបាន​តាម​ផែនការ​តាម​ការគ្រោងទុក​ដោយ​ទទួលបាន​ប្រាក់ចំណេញ​ប្រមាណ​ជាង​១០០​លាន​ដុល្លា​សហរដ្ឋអាមេរិក ដោយ​មិនមាន​បញ្ហា​អី​ទេ​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​មាន​អំណោយផល​»​។​

លោក​បណ្ឌិត​បាន​បន្តថា​ជាក់ស្តែង នៅ​ដើមឆ្នាំ​២០១៩​នេះ សន្ទុះ​នៃ​ការរីកចម្រើន​របស់​អេស៊ីលីដា មានការ​រីកចម្រើន​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំមុនៗ ដោយសារ​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ក្នុង​ឆ្នាំ​២០១៨ មាន​កំណើន​ខ្ពស់​ខ្លាំង រហូតដល់​៧.៥​ភាគរយ ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ អាចមាន​កំណើន​ជាង​៧​ភាគរយ​ទៀត​។​

លោក​បណ្ឌិត អ៊ិន ចាន់នី​បាន បន្តទៀតថា ទោះបីជា​បច្ចុប្បន្ន​កម្ពុជា​ជួប​បញ្ហា​ខ្វះខាត​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​រដូវប្រាំង​នេះ​ក៏ដោយ​ក៏​មិនមាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​អេស៊ីលីដា​នោះដែរ​ដោយសារតែ​នៅ​គ្រប់​សាខា​ទាំងអស់ មាន​បំពាក់​ម៉ាស៊ីនភ្លើង​សម្រាប់​គាំទ្រ​ប្រតិបត្តិការ គឺ​មិនមាន​ការអាក់ខាន​អ្វី​ឡើយ​។​

ទាក់ទិន​នឹង​ពិធីសូត្រមន្ត ប្រោស​ព្រំ​លើករាសី និង​រៀបចំ​ពិធីជប់លៀង​អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជូន​បុគ្គលិក​និង​អតិថិជន​លោក​លោក​បណ្ឌិត អ៊ិន ចាន់នី​បាន​បញ្ជាក់ថា​ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ជួបជុំគ្នា​សប្បាយរីករាយ រឹតចំណង​សាមគ្គីភាព ក្នុង​ទំនាក់ទំនង​ការងារ និង​ជាការ​លើកទឹកចិត្ត​ដល់​គ្រប់​កម្មករនិយោជិត​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​និង​បញ្ញា​ស្មារតី​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​និង​រីកចម្រើន​ជា​បន្តបន្ទាប់​។

ជាងនេះទៅទៀត​ពិធី​នេះ​ធ្វើឡើង​ក៏​ដើម្បី​រួមរក្សា​វប្បធម៌ ប្រពៃណីជាតិ​ខ្មែរ​ដ៏​ផូរផង់​ឱ្យ​ឋិត​ឋេ​រ​គង់វង្ស​ជានិច្ច​និរន្តរ៍​និង​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​កម្មករ និយោជិត​ធនាគារ​អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់​ថ្នាក់ គ្រប់​តួនាទី បាន​ជួបជុំគ្នា​រីករាយ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រោយពី​បាន​ខិតខំ​បំពេញការងារ​អស់កម្លាំង​កាយ​ចិត្ត​និង​បញ្ញា អស់​រយៈពេល​ពេញ​មួយឆ្នាំ​កន្លងមក​ដើម្បី​ទទួលបាន​នូវ​សិរី​មង្គល​សេចក្តីសុខ​ចម្រើន ថាមពល​ថ្មី​ទាំងអស់គ្នា​អំពី​ទេវតា​ឆ្នាំ​ថ្មី ។

លោក​បណ្ឌិត​បន្តថា​លើសពីនេះ​កម្មវិធី​នេះ​ក៏​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន សាធារណជន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ប្រតិបត្តិការ​របស់​ធនាគា​រ​អេស៊ីលីដា​ភីអិលស៊ី ។​

គួរបញ្ជាក់​ថា​ជា​រៀងរាល់ឆ្នាំ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី តែងតែ​រៀបចំ​កម្មវិធី​អបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយមាន​ការចូលរួម​ពី​សំណាក់​កម្មករនិយោជិត​គ្រប់លំដាប់​ថ្នាក់​និង​ក្រុមគ្រួសារ​ក្នុង​គោលបំណង​ដើម្បី​ជួបជុំគ្នា​សប្បាយរីករាយ រឹតចំណង​សាមគ្គីភាព​ក្នុង​ទំនាក់ទំនង​ការងារ និង​ជាការ​លើកទឹកចិត្ត​ដល់​គ្រប់​កម្មករនិយោជិត​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​និង​បញ្ញា​ស្មារតី​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន ប្រកបដោយ​ជោគជ័យ​និង​រីកចម្រើន​ជា​បន្តបន្ទាប់​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ធនាគារ​ក៏បាន​អញ្ជើញ​អតិថិជន​ក៏ដូចជា​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ចូលរួម​ដើម្បី​ប្រសិទ្ធ​ពរជ័យ​ឆ្នាំ​ថ្មី​ជាមួយ​សមាជិក​មហា​គ្រួសារ​អេស៊ីលីដា នៅតាម​បណ្ដា​ការិយាល័យ​សាខា​នីមួយៗ​ដោយមាន​កម្មវិធី​កំសាន្ត​សប្បាយ ការ​រាំ​កម្សាន្ត​ចង្វាក់​ប្រពៃណី និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា លាក់កន្សែង ចោល​ឈូង ទាញព្រ័ត្រ និង​លេងអង្គញ់​ជាដើម​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu