លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបង្ហើបថាក្លិបរបស់លោក កំពុងបន្សាំកីឡាករយុវជនលើទីលានប្រកួត ដើម្បីចូលរួមគោលដៅ SEA Games 2023 របស់ថ្នាក់ដឹកនាំ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ឆ្លងកាត់៣ប្រកួតកន្លងមកហើយ ដែលយុវជន ២រូបត្រូវបាន លោក ប្រាក់ សុវណ្ណារ៉ា ដាក់ឲ្យចូលលេងជម្រើស១១នាក់ដំបូង នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដែលការណ៍នេះលោកបានបង្ហើបពីមូលហេតុច្បាស់លាស់ គឺដើម្បីឲ្យយុវជនទាំងនេះបានលេង និងជាពិសេសអាចមានឱកាសជាមួយក្រុមជម្រើសជាតិនាពេលអនាគត ជាមួយនឹងឈុតយុវជនអាយុក្រោម២២ឆ្នាំ ត្រៀមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣។ កីឡាករទាំង២នាក់នោះគឺមិត្ត សំអែល លេខ៨២ និង ទូច ណៃឃីម លេខ១៤។
លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា « គោលដៅរបស់ថ្នាក់ដឹកនាំរបស់ក្លិបគឺសំដៅទៅលើយុវជន ជាពិសេសកីឡាករដែលមានអាយុត្រូវជាមួយនឹងឆ្នាំ២០២៣ ដែលយើងមានសិទ្ធជាម្ចាស់ផ្ទះ ហើយកីឡាករ ម៉េត សំអែល គឺទើបតែមានអាយុ១៧ឆ្នាំទេ យើងឃើញស្រាប់ហើយទោះបីជាគាត់ក្មេងតែសមត្ថភាពនៃការលេងរបស់គាត់គឺមិនចាញ់ចាស់ៗ សង្ឃឹមថា ១ឆ្នាំទៅ ២ឆ្នាំទៀត គាត់នឹងល្អមែនទែន ព្រោះនេះក៏ជាគោលដៅមួយដែលបើយើងចង់ឲ្យជម្រើសជាតិយើងខ្លាំងឆ្នាំ២០២៣ ទាល់តែយើងហ៊ាននឹងដាក់កីឡាករក្មេងៗដែលត្រូវអាយុ ជាពិសេសដូចជា មិត្ត សំអែល កីឡាករ ទូច ណៃឃីម សុទ្ធតែអាយុត្រូវឆ្នាំ២០២៣ ហើយគាត់បង្ហាញបានល្អពេញតង់។»
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា រូបនេះបានបន្តថា «យើងមានការព្រួយបារម្ភតិចតួចពីប្រព័ន្ធលេងដោយសារគាត់លេងនៅតំបន់ដែលមិនគ្រោះថ្នាក់ តែរឿងដែលសំខាន់គឺយើងគោរពទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំដែលគាត់ធ្វើអ្វីៗដើម្បីជួយដល់ក្រុមជម្រើសជាតិរីកចម្រើន នេះគឺជាគោលដៅសំខាន់របស់ក្លឹបទាំងមូល។»
សូមបញ្ជាក់ថា លទ្ធផល ៣ប្រកួតកន្លងមករបស់ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិប្រកួតឈ្នះបាន១លើក ហើយបរាជ័យ២លើក មាន៣ពិន្ទុក្នុងដៃ ឈរលេខរៀងទី១០ ក្នុងចំណោមក្លិបជាសមាជិកចំនួន១៤ក្រុម។ ចំណែកប្រកួតបន្ទាប់ក្រុមប៉ូលីស ត្រូវប៉ះក្រុមក្រសួងការពារជាតិ នៅម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានអគ្គិសនីកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments