តាកែវ ៖ ក្មេងស្រីដែលមានអាយុទើបតែ១១ឆ្នាំម្នាក់ ត្រូវបានរន្ទះបាញ់ខែចេត្រឆក់យកជីវិតគួរឲ្យសង្វេគ ខណៈត្រឡប់មកពីមើលគេរាំច្រៀងវិញ នារដូវចូលឆ្នាំថ្មី ក្នុងវត្ត ពេលមេឃកំពុងភ្លៀងរលឹម។
ហេតុការណ៍គ្រោះធម្មជាតិកើតរន្ទះបាញ់នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី ចំថ្ងៃចូលឆ្នាំទី២ ស្ថិតនៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្មេងស្រីរងគ្រោះមានឈ្មោះ សុខ ភក្ដី ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស។
តាមការឲ្យដឹងពីអាណាព្យាបាលបានប្រាប់ថា មុនពេលកើតហេតុ កូនស្រីពួកគាត់បានមកពីលេងនៅវត្តកោះក្អែក លុះដល់វេលាម៉ោងកើតហេតុខាងលើ បានធ្វើដំណើរត្រឡប់មកផ្ទះវិញស្របពេលដែលមេឃកំពុងមានភ្លៀងធ្លាក់ផងនោះ លុះមកដល់ពាក់កណ្ដាលផ្លូវក៏ត្រូវរន្ទះបាញ់បណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែង ចម្ងាយពីផ្ទះប្រហែល៣០០ម៉ែត្រ។
ក្រោយកើតហេតុ សមត្ថកិច្ច នៃអធិការនគរបាលស្រុកត្រាំកក់ បានចុះធ្វើកំណត់ហេតុ និងកោសល្យវិច័យឃើញថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ដោយត្រូវរន្ទះបាញ់ពិតប្រាកដមែន ហើយបានប្រគល់សពជូនឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments