ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩ បន្ទាប់ពីដំណើរការប្រកួតពេញមួយថ្ងៃទី១១មេសា នៅមជ្ឈមណ្ឌលហែលទឹកពហុកីឡដ្ឋានមរតកតេជោនោះ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អ។ ព្រឹត្តិការណ៍នេះ ឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោម ស ខេង។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្តបានឲ្យដឹងថា ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩នេះ មានកីឡាករ-កីឡាការិនីចូលរួមចំនួន៧០នាក់ ដែលក្នុងនោះមានកីឡាការិនី១៩នាក់ និងកីឡាករជនពិការមកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាចំនួន៩នាក់ មកពី៩ សមាគម-ក្លិប។
វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៥ គឺជនពិការមួយវិញ្ញាសា កុមារអាយុក្រោម១៣ឆ្នាំមានកុមារា២វិញ្ញាសា និងកុមារី២វិញ្ញាសា។ យុវជនអាយុក្រោម១៨ឆ្នាំ មានបុរស២វិញ្ញាសា នារី២វិញ្ញាសា និង កីឡាជំនាញ គឺបុរស៤វិញ្ញាសា និង នារី២វិញ្ញាសា។
ចំពោះលទ្ធផលក្រោយបញ្ចប់ការប្រកួត ក្រុមកីឡាក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយនាំមុខគេ គឺដណ្ដើមបានមេដាយមាសចំនួន៥គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង។ ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលដេញតាមពីក្រោយនោះ បានមេដាយមាស៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ៥គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៤គ្រឿង។ សាលាខេមវីដ បានមេដាយមាស២គ្រឿង និងប្រាក់២គ្រឿង ក្រសួងពត៌មានបានមេដាយមាស២គ្រឿង ប្រាក់១គ្រឿង សំរឹទ្ធ១គ្រឿង។ ជនពិការមកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង។
សូមបញ្ជាក់ថា សម្រាប់មេដាយមាសបានទទួលរង្វាន់អមមេដាយចំនួន៣០០.០០០រៀល មេដាយប្រាក់២០០.០០០រៀល និងមេដាយសំរឹទ្ធបាន១០០.០០០រៀល។ ចំពោះអ្នកដែលមិនបានចំណាត់ថ្នាក់បានរង្វាន់លួងចិត្តម្នាក់ៗ២០.០០០រៀលដែរ។
លោកឧត្ដមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានអះអាងថា លោកនឹងរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានមុនថ្ងៃចូលឆ្នាំជារៀងរាល់ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments