Ad Code

ត្រាក់ទ័រ​ភ្ជួរ​ដី​ចម្ការ​ ជាន់​លើ​គ្រាប់​មីនតោន​ ផ្ទុះ​របួសធ្ងន់​អ្នកបើកបរ



បាត់ដំបង​ ៖ ​អ្នកបើកបរ​ត្រាក់ទ័រ​ម្នាក់ ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ភ្ជួរ​ដីចម្ការ​ឲ្យ​គេ​ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ភ្ជួរ​ដី​ចម្ការ​ស្រាប់តែ​ជាន់​ទៅលើ​គ្រាប់​មីនតោន បណ្តាល​ឲ្យ​ផ្ទុះឡើង​តែម្តង។

​សំឡេង​ផ្ទុះ​គ្រាប់ និង​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ​២០១៩ ចំណុច​ស្រង់​តូច​ស្ថិតនៅ​ភូមិ​ប៊ួ​រុន ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់​ដំបង ដែល​ធ្វើឲ្យ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ភ្លាមៗ​ទៅលើ​ទីតាំង​នោះដែរ។​

នៅ​ក្នុង​ហេតុការណ៍​នោះ​គេ​សង្កេត​ឃើញ ជនរងគ្រោះ​ដែល​ជា​អ្នកបើកបរ​ត្រាក់ទ័រ ឈ្មោះ ម៉ុ​ន យី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​អូរ​ត្រែង សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃ​លិន មាន​មុខរបរ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ ភ្ជួរ​ដី​ចម្ការ​ឲ្យ​ ឈ្មោះ ថោង សារ៉ាត់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ស្នាក់នៅ​ភូមិ​ប៊ួ​រុន បណ្តាល​ឲ្យ​ជាន់​មីន​តោន​ផ្ទុះ​របួសធ្ងន់។

ដោយឡែក ​ត្រាក់ទ័រ​ បាន​ជាន់​ទៅលើ​គ្រាប់​មីនតោន​នៅ​ផ្នែក​កង់​ខាងមុខ បណ្ដាល​ឲ្យ​ផុង​ទៅ​ក្នុង​រណ្ដៅ​ដី ដោយសារតែ​កម្លាំង ​នៃ​ការផ្ទុះ ឯ​ជនរងគ្រោះ​ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាត់​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​មន្ទីរពេទ្យ ដោយសារតែ​សភាព​មុខរបួស​វា​ធ្ងន់ធ្ងរ​ខ្លាំង​ពេក។​

បើ​តាម​កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ អាច​ជា​ប្រភេទ​គ្រាប់​មីនតោន​ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​មិនមាន​នរណា​ប៉ះពាល់​វា ដោយពេល​នេះ​គេ​សង្ស័យ​ថា ក្រោយ​ភ្លៀង​អាច​ធ្វើ​ឲ្យ​ដីចម្ការ​មាន​សភាព​ជ្រាយ​ទើប​អាច​កិន​ដល់​វា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu