ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិដណ្តើមពានរង្វាន់ផង និងការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិKhmer Fight ដែលរៀបចំឡើងដោយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាជ្ញាធរខេត្តព្រៃវែង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹងធ្វើនៅថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០១៩ គឺយប់ថ្ងៃដំបូង និងយប់ថ្ងៃកណ្តាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសង្វៀនសង្ក្រាន្តក្រុងព្រៃវែង។
ការប្រកួតដែលឧបត្ថម្ភដោយTIFFY សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជា លក្ខណៈមិត្តភាពជាតិដណ្តើមពានរង្វាន់យប់ថ្ងៃដំបូងមានចំនួន៣គូ និងអមដោយគូមិត្តភាពខ្មែរ និងខ្មែរ៣គូទៀត។
ហើយសម្រាប់ព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិKhmer Fight យប់ថ្ងៃចូលឆ្នាំទី២ គឺរឹតតែមានលក្ខណៈអស្ចារ្យ និងកក្រើកសង្វៀនសង្ក្រាន្តក្រុងព្រៃវែង ដោយលើកនេះ ក្រៅពីអ្នកប្រដាល់ថៃ២រូបមកប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជានោះ នឹងមានការប្រកួតជាមួយឡាវ បារាំង អូស្ត្រាលី និង អ៊ីតាលី ចំនួន៤គូទៀត អមជាមួយគូខ្មែរ និងខ្មែរ២គូផងដែរ។
សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិដណ្តើមពានរង្វាន់យប់ថ្ងៃចូលឆ្នាំទី១ថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៩ ដែលមានចំនួន៣គូនោះ គឺគូ ទី១.អ្នកប្រដាល់ លីន វិរៈ ក្លិបបូរីរាជសីហ៍មានរិទ្ធ ជួបអ្នកប្រដាល់ ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ គូទី២.អ្នកប្រដាល់ សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ ជួបជាមួយអ្នកប្រដាល់ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម និងគូទី៣.អ្នកប្រដាល់គង់ សំបូរ ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ជួបប្រកួតជាមួយអ្នកប្រដាល់ពុយ វណ្ណៈ ក្លិប ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
សៀវ ង៉ុយ ជាអ្នកប្រដាល់ជើងខ្លាំងក្នុងប្រភេទទម្ងន់៥៧ គ.ក្រនេះ និងមានសមត្ថភាពបច្ចេកទេសប្រដាល់មិនចាញ់ ម៉ន សាម៉េត នោះទេ។ ម៉ន សាម៉េត មិនអាចមើលស្រាល សៀវ ង៉ុយ បានទេ ព្រោះអ្នកប្រដាល់រូបនេះ វាយខ្លាំង និងមានក្បាច់គុនល្អផងដែរ។ យ៉ាងណាសម្រាប់ការប្រកួតជាមួយសៀវ ង៉ុយ នេះ ម៉ន សាម៉េត ត្រូវតែប្រយ័ត្នចំពោះស្នៀតទាត់របស់គេ ព្រោះថាសន្ទុះជើងរបស់សៀវង៉ុយ ធ្លាប់ទទួលជោគជ័យប៉ុន្មានលើកហើយក្នុងការប្រកួតដណ្តើមពានរង្វាន់នោះ។ តែយ៉ាងណា សៀវ ង៉ុយ ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះម៉ន សាម៉េត គេក៏វាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿនមិនចាញ់សៀវ ង៉ុយ ។
ចំពោះអ្នកប្រដាល់ លីន វិរៈ និង អ្នកប្រដាល់ ខេម ចាន់ ពួកគេទាំងពីររូបនេះ មានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នា ដែលគេមិនហ៊ានទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយគេក៏មិនទាន់ហ៊ានរំពឹងទុកថា លីន វិរៈ អាចវាយឈ្នះ ខេម ចាន់ នោះដែរ ព្រោះ លីន វិរៈ មានចិត្តប្រដាល់ធំ ពោលគឺគេហ៊ានប្រកួតតែម្តង។
ចំណែក គង់ សំបូរ និង ពុយ វណ្ណះ វិញ ពីរនាក់នេះ មិនដែលប៉ះគ្នាទេកន្លងមក។ ប៉ុន្តែយ៉ាងណា គេមានជំនឿទុកចិត្តលើគង់ សំបូរ ក្នុងការទទួលបានជ័យជម្នះ ព្រោះសំបូរមានស្នៀតប្រដាល់ល្អ មានតិចនិកច្រើន និងមានផ្លែល្អថែមទៀត។
សម្រាប់ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិKhmerFight យប់ថ្ងៃទី២ ថ្ងៃទី១៥មេសានោះ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ របស់កម្ពុជា ឃុន ឌីម៉ា ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ គេនឹងជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Thong Mueangsima ក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ជើងខ្លាំងកម្ពុជា រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះPetchmai Chornarongsak ដោយជួបក្នុងទម្ងន់៦៩គីឡូក្រាម។ ឯ ឡៅ ចន្ទ្រា ជើងខ្លាំង នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីតាលីFederico Ernesto ក្នុងទម្ងន់៦៧គីឡូក្រាម ហើយជើងខ្លាំង ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ ជួបប្រកួតជាមួយអ្នកប្រដាល់អូស្ត្រាលីMehrdad Addinejad ក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ចំណែក ឡុង សំណាង ជើងខ្លាំងក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាមួយអ្នកប្រដាល់បារាំងJordan ក្នុងទម្ងន់៦៣,៥០០គីឡូក្រាមដែរ ហើយវ៉ាន់ វឿន ជើងខ្លាំងក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសឡាវ ឈ្មោះ Nakronrit S.Visetkit ដោយជួបក្នុងទម្ងន់៥៧គីឡូក្រាម។
សម្រាប់ការជយបរវាងខ្មែរ និងខ្មែរ២គូវិញ គឺឡុង ជិន អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ ជួបជាមួយសូត្រ ខេវិន ក្នុងទម្ងន់៦០គីឡូក្រាម និង ឫទ្ធិ សាស្ត្រាវុធ អ្នកប្រដាល់ក្លិបអាណាចក្រប្រយុទ្ធគុនខ្មែរខេត្តសៀមរាប ជួបប្រកួតជាមួយសឺន ថៃសាន់ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ក្នុងទម្ងន់៥៤គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments