សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ចោរឆក់កាបូបជើងខ្លាំងនៅភ្នំពេញចំនួន២នាក់បានធ្វើសកម្មភាព ឆក់កាបូបភ្ញៀវទេសចរណ៍នៅកណ្តាលក្រុងសៀមរាប បានសម្រេចរួចប្រុងគេចខ្លួន។
ប៉ុន្តែត្រូវបាន កម្លាំងនគរបាលចម្រុះនៃខេត្តសៀមរាប បានសហការគ្នាដេញប្រផាប់ចាប់ប្រផីងបានដោយជោគជ័យ។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅម៉ោង២១និង៣០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវប៊េតុងក្បែរស្ពានអាងក្រពើ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីជនរងគ្រោះឈ្មោះ Adriana sislova ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឆេកូស្លូវាគី ថាមានចោរឆក់កាបូប ទើបកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលទេសចរណ៍ កម្លាំងនគរបាលការពារនឹងអន្តរាគមន៍ បានធ្វើការល្បាតប្រទាក់ក្រឡាគ្នា តាមគោលដៅដែលបានកំណត់ រហូតដល់ដេញប្រផាប់ចាប់ប្រភីងបានជនសង្ស័យចំនួន២នាក់ ករណីឆក់កាបូបភ្ញៀវទេសចរណ៍។ លោកបន្តថា ដំណើររឿង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី ពេលដែលជនរងគ្រោះនឹងមិត្តភ័ក្ត្រចំនួនបីនាក់ទៀត កំពុងដើរនៅចំណុចផ្លូវប៊េតុងក្បែរស្ពានអាងក្រពើ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់បានធ្វើសកម្មភាពជិះឆក់ឆក់កាបូបស្ពាយពណ៌ខ្មៅពីដៃជនរងគ្រោះខាងលើក្នុងនោះមាន ១.កូនកាបូបដៃដាក់លុយពណ៌សចំនួន០១។ ២.កាតធនាគារចំនួន០១សន្លឹក។ ៣.កាតធានារ៉ាប់រងធ្វើដំណើរចំនួនសន្លឹក។ ៤.អត្តសញ្ញាណប័ណ្ណជនរងគ្រោះចំនួន០១សន្លឹក។ ៥.ប្រាក់អាមេរិកចំនួន១០០ដុល្លារ នឹងប្រាក់អឺរ៉ុបចំនួន៤០អឺរ៉ូ។៦.ប័ណ្ណបើកបរជនរងគ្រោះចំនួន០១សន្លឹក ក្រោយពីធ្វើសកម្មភាពឆក់បានរួច ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូរត់គេច ពេលដែលសមត្ថកិច្ចបានទទួលព័ត៌មានរួចមក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលទេសចរណ៍ កម្លាំងនគរបាលការពារនឹងអន្តរាគមន៍ បានធ្វើការល្បាតប្រទាក់ក្រឡាគ្នា តាមគោលដៅដែលបានកំណត់ រហូតដល់ដេញប្រផាប់ចាប់ប្រភីងបានជនសង្ស័យទាំងពីរនាក់នៅចំណុចផ្លូវបំបែកតាភុលមុខហាងលក់ទូរស័ព្ទចំរើនស៊ីនហ័រ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ ម៉ី សិលា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិចារយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរជាងភ្លើងនិងឈ្មោះ វុទ្ធី បញ្ញាវុធ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិប៉ាល័យ ឃុំប៉ាល័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ ជាងភ្លើង។ ទាំងពីរនាក់ស្នាក់នៅបណ្តោះអាសន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡេត(suzuki Let)ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ។
លោកបន្ថែមថា កម្លាំងនគរបាលជំនាញបានធ្វើការសួរនាំជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ខ្លួនបានចូលខេត្តសៀមរាបនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ហើយបានយកប្រាក់ដែលសល់ពីការលួចឆក់ទ្រព្យសម្បត្តិគេបានចូលគ្នាទិញម៉ូតូដែលធ្វើសកម្មភាពលួចឆក់ខាងលើ ហើយធ្លាប់បានធ្វើសកម្មភាពឆក់ក្នុងនៅក្នុងរាជធានីភ្នំពេញចំនួន០៤លើកកន្លងមក។ នៅក្នុងខេត្តសៀមរាបជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចឆក់កាបូបចំនួនពីរលើក -លើកទី១.ថ្ងៃទី០៨,០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ចំណុចផ្លូវជាតិលេខ៦ ជិតការ៉ាស់សាំងតេលា ខាងកើតផ្សារលើ។ លើកទី២.ជាក់ស្តែងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី ចំណុចផ្លូវប៊េតុងក្បែរស្ពានអាក្រពើ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ ជនសង្ស័យទាំងពីរពុំមានផ្ទុកសារធាតុញៀនទេ។
ចំពោះវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញដកហូតពីជនសង្ស័យប្រគល់ជូនទៅជនរងគ្រោះវិញ។ បច្ចុប្បន្នករណីនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២ទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments