ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសមិនគាំទ្រចំពោះការផ្សាយពាណិជ្ជកម្មស្រាបៀរ ឬគ្រឿងស្រវឹងជាសាធារណៈ និងបានលើកឡើងនូវវិធានការចំពោះមុខចំនួនពីរ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមកលើសង្គមកម្ពុជា ជាពិសេសយុវជន-យុវនារី ដែលជាសសរទ្រូង នៃប្រទេសជាតិ។
ការប្រកាសរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងគណបក្សនយោបាយ ដែលជាសមាជិក-សមាជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រមាណជាង៤០រូប នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ជុំវិញប្រធានបទ «ផលប៉ះពាល់ នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា»។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីជំហររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការមិនទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងវិធានការចំនួនពីរដែលក្រសួងត្រៀមអនុវត្តន៍ដូចជា ៖
(១)រៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលគ្រឿងស្រវឹង ដើម្បីដាក់ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច។
(២)រៀបចំប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសុវត្ថិភាពផលិតផលទំនិញ និងសេវា។
លោករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនអង្គប្រជុំ អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចុះអប់រំច្បាប់ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈភូតកុហក ឬឆបោក ព្រមទាំងផលប៉ះពាល់ នៃការសេពគ្រឿងស្រវឹង ក៏ដូចជាដំណើរការចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ សម្រាប់បម្រើការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ជាពិសេសការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទំនិញ និងវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «ខ្ញុំស្នើសុំឯកឧត្ដមលោកជំទាវ មេត្តាជួយគាំទ្រកិច្ចការរបស់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការអនុវត្តតួនាទី និងកាតព្វកិច្ចថ្មី ដោយអនុលោមតាមច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង នៅពេលច្បាប់ទាំងបីនេះត្ រូវបានអនុម័តចប់សព្វគ្រប់ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង នៅក្នុងប្រទេសជាតិរបស់យើង»។
ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ សមាជិក-សមាជិកា នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងអស់ ដែលបានផ្ដល់វេទិកាជូនក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើបទបង្ហាញ ក៏ដូចជាចូលរួមផ្តល់នូវធាតុចូលល្អៗ (មតិរិះគន់ក្នុងន័យស្ថាបនា) ជូនក្រសួង ដើម្បីស្វែងរកដំណោះស្រាយ និងចាត់វិធានការឆ្លើយតបចាំបាច់ នាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments