បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ចេញពីគុកបាន១ឆ្នាំ មិនកែខ្លួន ជក់ម៉ា បង្កការអុកឡុកចង់ដុតផ្ទះជីដូន វាយក្មួយស្រី ត្រូវអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅភូមិព្រហ៊ូតសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
លោក ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ អ៊ូច ពៅ ភេទស្រី អាយុ៦៦ឆ្នាំ ត្រូវជាយាយបង្កើតរបស់ជនសង្ស័យ មានទៅលំនៅស្ថិតក្នុងភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ មឿក សារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ មានរយៈពេល១ឆ្នាំ ពេលត្រឡប់ពីពន្ធនាគារវិញ ជនសង្ស័យមិនកែខ្លួន កាន់តែប្រើប្រាស់គ្រឿងញៀនច្រើនជាងមុន និងបានវាយទៅលើក្មួយស្រី ហើយបានយកទៅធ្វើការអប់រំនៅកន្លែងសមត្ថកិច្ចម្តងទៀត។ តែជនសង្ស័យមិនព្រមកែប្រែសោះ លុះដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានវាយកម្ទេចសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបានដុតបំផ្លាញផ្ទះយាយបង្កើតរបស់ខ្លួនទៀត តែសំណាងល្អត្រូវបានអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល មិនបណ្តាលឲ្យឆេះរាលដល់ផ្ទះទេ គ្រាន់តែឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ។
លោកបានបញ្ជាក់បន្ថែមទៀតថា យោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថា មានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហិង្សាក្នុងគ្រួសារ និងដុតបំផ្លាញផ្ទះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការចាត់ការយកទៅដាក់គុកបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments