ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង កំពុងតែឈរកំពូលតារាងនៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ឆ្នាំ២០១៩ ខណៈក្រុមមួយនេះជាក្រុមតែ១គត់ដែលអាចរក្សាសំណាញ់ទីមិនឱ្យគូប្រកួតទាត់បញ្ជូលបាន គិតត្រឹមសប្ដាហ៍ទី៣ ថ្មីៗនេះ។
អ្នកចាំទី អាំ សុវណ្ណារ៉ាត់ ដែលជាតួអង្គរដែលរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់បញ្ចូលទីចំនួន៣ប្រកួតមកនេះថា «សម្រាប់ខ្ញុំគឺសប្បាយចិត្ត ដែលពុំមានការទាត់បញ្ចូលទីពីគូប្រកួតហើយយើងក៏រៀបចំការប្រកួតបានល្អ»។ សម្រាប់លទ្ធផល៣ប្រកួតកន្លងមកក្លិបព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់០, សូលទីឡូអង្គរ ១ទល់០ និង គិរីវង់សុខសែនជ័យ ២ទល់០។
អ្នកចាំទីវ័យ២៤ឆ្នាំខាងលើបានបន្ថែមទៀតថា «បើថាចឹងក៏ថាបាន សម្រាប់ការប្រកួតយើងនឹងត្រៀមរៀបចំសម្រាប់ក្រុមតូច និងក្រុមធំ។ ចឹងបើយើងរបូតគ្រាប់បាល់ពេលជួបក្រុមតូច ពេលប៉ះក្រុមធំយើងអាចនឹងមានបញ្ហា ខ្ញុំក៏សប្បាយចិត្តពេលឃើញខ្សែការពារសហការគ្នាបានល្អ»។ យ៉ាងណាក្តីកីឡាកររូបនេះបានថ្លែងអំណរគុណដល់គ្រូបង្វឹកក៏ដូចជាមិត្តរួមក្រុមដែលបានរួមសហការគ្នាដើម្បីក្រុមទាំងមូល។
អ្នកចាំទី អាំ សុវណ្ណារ៉ា បានលើកឡើងពីកៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា ឡើងវិញខណៈការបង្ហាញខ្លួនលើកចុងក្រោយរបស់គេតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ « សម្រាប់ខ្ញុំអត់ទាន់គិតដល់ចំណុចហ្នឹងទេ សំខាន់គឺជួយក្លិបខ្ញុំសិន ព្រោះអ្វីអ្នកចាំទីជម្រើសជាតិគឺមានកាយសម្បទាល្អ និងមានសមត្ថភាពច្រើន ចឹងអ្វីសំខាន់គឺផ្តោតអារម្មណ៍ជួយក្លិបសិន»។
គិតត្រឹមពេលនេះក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្តោះអាសន្នមាន៩ពិន្ទុក្នុងដៃច្រើនជាងគេ បើធៀបនឹងសមាជិកទាំង១៤ក្រុម។ ចំណែកប្រកួតបន្ទាប់វិញក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុមភ្នំពេញក្រោន នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ក្នុងសប្ដាហ៍ទី៤នៃពានរង្វាន់លីគកំពូលកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments