ភ្នំពេញ ៖ ជារៀងរាល់យប់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវ ដើម្បីទប់ស្កាត់បទល្មើស ដែលផ្តើមឡើងដោយជនសង្គមងងឹត។
យោងតាមប្រសាសន៍ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបញ្ជាក់ថា ជារៀងរាល់យប់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះល្បាតការពារក្នុងមូលដ្ឋាន និងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ ដើម្បីទប់ស្កាត់បទល្មើស ដែលបង្កឡើងដោយជនសង្គមងងឹត។ ហើយការដាក់កម្លាំងត្រួតពិនិត្យតាមដងផ្លូវនិងល្បាតតាមគោលដៅ គឺទទួលបានលទ្ធផលជាច្រើនដូចជា រកឃើញក្រុមចែកចាយថ្នាំញៀន ចោរលួចម៉ូតូ និងអ្នកបើកបរមានផ្ទុកសារជាតិស្រវឹង ដែលងាយនឹងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ចំពោះអ្នកបើកបរមានជាតិស្រវឹង គឺសមត្ថកិច្ចឃាត់ទុកនៅគោលដៅរួចប្រាប់ទៅសាច់ញាតិឲ្យមកទទួលយកទៅផ្ទះ ដោយពុំអនុញ្ញាតឲ្យបន្តដំណើរទាំងស្រវឹងជោគនោះទេ។
លោក ចេង មុនីរ៉ា ក៏បានរំលឹកដល់សមត្ថកិច្ចដែលចុះទៅធ្វើការត្រួតពិនិត្យសូមឲ្យប្រើពាក្យសំដីបានសមរម្យទៅអ្នកដំណើរដែលយើងសុំត្រួតពិនិត្យ និងមិនត្រូវប្រើហិង្សាឡើយ៕
Source: Kampuchea Thmey Daily
0 Comments