បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ គ្រូគរុកោសល្យខេត្តបន្ទាយមានជ័យជាង៣៧០នាក់ បានផ្ដួចផ្ដើមគ្នាជាឯកច្ឆន្ទប្រារព្ធការសប្បាយរីករាយធ្វើពិធីមហាសង្ក្រាន្តឆ្នាំថ្មី នៅក្នុងបរិវេណសាលាគរុកោសល្យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រយៈពេល១ថ្ងៃមុនសង្ក្រាន្តឆ្នាំថ្មីចូលមកដល់ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ។
ក្នុងពិធីសប្បាយមុនចូលឆ្នាំនោះគេឃើញមានវត្តមាន លោក ទេព ណាន នាយកសាលាគរុកោសល្យ គ្រូគរុសិស្ស ចូលរួមជាភ្ញៀវក្នុងពិធីនេះផងដែរ។ ហើយភាពសប្បាយរីករាយនេះ គេឃើញមានលេងល្បែងប្រជាប្រិយ ជាច្រើនប្រភេទ ដូចជា ចោលឈូង បោះអង្កុញ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម ពាំពងមាន់ រាំលេងកម្សាន្តសង្វាក់ប្រពៃណីខ្មែរ ល្បែងលោតបាវ ស្វាដណ្ដើមស្លឹកឈើ ជិះកង់ បូមទឹកដាក់ដបព្រមទាំងមានសំណួរចម្លើយចំណេះដឹងទូទៅផងដែរ មិនត្រឹមតែប៉ុណ្ណោះក៏មានកម្មពិធីដំបូង មានរបាំគោះត្រឡោក របាំទ្រុឌ និងបង្ហាញម៉ូតសំលៀកបំពាក់តាមសម័យកាល និងសំលៀកបំពាក់ជនជាតិដើមភាគតិចផងដែរ។ ហើយក្នុងទីធ្លាសាលាគរុកោសល្យ មានតាំងពិព័រណ៍វិទ្យាសាស្ត្រ គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា រូបវិទ្យា និងពិព័រណ៍គំនូរផងដែរ។
គរុសិស្សបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ដោយពួកគាត់បានជួបមិត្តភ័ក្ដិរួម៦ជំនាន់មិនត្រឹមតែប៉ុណ្ណោះ បានបង្កើនការយល់ដឹងបន្ថែម ក្នុងបរិវេណសាលាគរុសិស្សមានតាំងពិព័រណ៍ជាច្រើនពាក់ព័ន្ធទៅនឹងការដកពិសោធន៍ជាក់ស្ដែង មេរៀនផ្សេងៗក្នុងកម្មវិធីសិក្សាទៀតផង។
លោក ទេព ណាន នាយកសាលាគរុកោសល្យបានឲ្យដឹងថា សាលាគរុកោសល្យបានធ្វើមហាសង្ក្រាន្តឆ្នាំថ្មីនេះ រយៈពេល១ថ្ងៃ ចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង៦ល្ងាច គោលបំណង គឺចង់ឲ្យគរុសិស្សទាំងអស់ចង់ឲ្យការសហការគ្នាជាក្រុម និងរំលឹកឡើងវិញនូវប្រពៃណី វប្បធម៌ពីដូនតារបស់ខ្មែរយើងហើយនេះ ក៏ជាលើកទី២ហើយ សម្រាប់គរុសិស្សទាំងអស់បានផ្ដួចផ្ដើមមហាសង្ក្រាន្តឆ្នាំថ្មីនេះឡើង។
លោកបញ្ជាក់ឲ្យដឹងទៀតថា នៅឆ្នាំក្រោយៗទៀត លោកនឹងបង្កើតកម្មវិធីឲ្យប្លែកៗជានេះជាច្រើនទៀត៕
Source: Kampuchea Thmey Daily
0 Comments