Ad Code

ស្គាល់​អត្តសញ្ញាណ​បុរស​ ដែល​ធ្វើ​អត្តឃាត​ នៅ​កន្លែង​បាញ់​ស៊ីប



ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​០៤ ខែ​​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០០នាទី​ មាន​បុរស​ម្នា​ក់​ បាន​ចូល​ទៅ​ជួល​កាំភ្លើង​បាញ់​ស៊ីប​នៅ​ទីលាន​បាញ់​ស៊ីប​របស់​លោក​ឧត្ដមសេនីយ៍ សុខ ខេមរិន្ទ ក្នុង​ខណ្ឌ​សែន​សុខ ប៉ុន្តែ​នៅ​គ្រាប់​ចុងក្រោយ ជន​នោះ បាន​បង្វែរ​កាណុង​កាំភ្លើង​បាញ់​ចូល​សៀតផ្កា​ខាងស្ដាំ​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច។

ក្រោយ​កើតហេតុ​យ៉ាង​រន្ធត់ ​ដែល​គេ​មើល​ឃើញ​តាមរយៈ​វីដេអូ​ឃ្លី​ប​រយៈពេល​២៤​វិនាទី ​នៅ​ទីលាន​បាញ់​ស៊ីប​នោះ អ្នកគ្រប់គ្រង​ទីលាន​បាញ់​ស៊ីប​ព្យាយាម​លាក់កំបាំង​មិន​ផ្ដល់​ព័ត៌មាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ភ្លាមៗ​ទេ សូម្បីតែ​អត្តសញ្ញាណ​របស់​ជនរងគ្រោះ ហើយ​ការ​ធ្វើ​កោសល្យវិច័យ ​ក៏​ជា​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ដែរ។ រហូតដល់​ថ្ងៃទី​០៥​មេសា ទើប​សកម្មភាព​ នៃ​ការ​ធ្វើ​អត្តឃាត​នៅក្នុង​ទីលាន​បាញ់​ស៊ីប​នោះ បាន​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​ និង​អំពី​អត្តសញ្ញាណ​ នៃ​ជន​រង​គ្រោះ។

បើតាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជន​ដែល​ធ្វើ​អត្តឃាត​នោះ​មាន ឈ្មោះ កែវ សុថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ គាត់​មាន​ជំងឺ​ប្រចាំកាយ ​មិន​អាច​ព្យាបាល​បាន ហើយ​ទំនងជា​ផ្ដើម​ពី​បញ្ហា​នេះ​ ទើប​គាត់​សម្រេចចិត្ត​ធ្វើអត្តឃាត។​

ប្រភព​បាន​បន្តថា កាលពី​ព្រឹក​ថ្ងៃកើតហេតុ នា​ថ្ងៃ​ទី​៤​ ខែ​មេសា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​ទៅ​ជួល​កាំភ្លើង​បាញ់​ស៊ីប​នៅ​ទីលាន​៩១១ ម្តង​ហើយ ពេល​បាញ់​រួច​ក៏​ចេញ​មកវិញ។ លុះ​នៅវេលា​ម៉ោង​ខាង​លើ គាត់​ក៏បាន​ចូលទៅ​ជួល​កាំភ្លើងខ្លី ម៉ា​កឡុក បាញ់​នៅ​ក្លឹប​បាញ់កាំភ្លើង ទីលាន​របស់ លោក សុខ ខេមរិន្ទ នៅ​ក្បែរ​អង្គភាព​តម្រួត​បទបញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្ថិតនៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ​ម្ដង ​ដោយ​បាញ់​ចំនួន​៥​គ្រាប់ បាញ់​លើក​ទី​១ បាញ់​អស់​៣​គ្រាប់ សំដៅ​ផ្ទាំង​ស៊ី​ប បាញ់​លើក​ទី​២ តម្រង់​ផ្ទាំង​ស៊ី​ប​១​គ្រាប់ ហើយ​១​គ្រាប់​ចុងក្រោយ ស្រាប់តែ​គាត់​លើក​កាំភ្លើង​បង្វែរ​កាណុង​មក​បាញ់​សៀតផ្កា​ខាងស្ដាំ​ខ្លួនឯង​ស្លាប់​យ៉ាង​រន្ធត់​តែម្តង​។​

តាមរយៈ​វីដេអូ​ឃ្លី​ប​នៃ​ការ​ធ្វើ​អត្តឃាត គេ​កត់សម្គាល់​ឃើញថា គ្រូបង្វឹក​នៅ​ទីលាន​បាញ់​ស៊ីប​កន្លែង​កើតហេតុ​មិន​មែន​​​ មិន​ប្រុងប្រយ័ត្ន​ទេ ប៉ុន្តែ​ជនរងគ្រោះ​មាន​ចេតនា​សម្លាប់​ខ្លួនឯង​ឲ្យ​ខាងតែបាន ទើប​គ្រូបង្វឹក​មិនអាច​អន្តរាគមន៍​បាន​ទាន់ពេលវេលា។​

នេះ​ជា​មេរៀន​មួយ​សម្រាប់​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីលាន​បាញ់​ស៊ីប ដែល​គប្បី​ពិនិត្យ​អំពី​ស្មារតី ទឹក​មុខ និង​ចេតនា​របស់​អតិថិជន​ដែល​ចូល​មក​រក​សេវា​បាញ់​ស៊ីប​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu