កំពង់ធំ ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងអ្នកមុខអ្នកការ មន្ត្រីរាជការចូលរួម សួរសុខទុក្ខ កម្លាំងជីករុករកអដ្ឋិធាតុk72 នៃបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកងកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។
កម្លាំងជីករុករកអដ្ឋិធាតុk72 គឺជាកម្លាំងចំណុះឲ្យ បញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក បានសហការជាមួយនឹងកងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលដៅ ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមកន្លង ហើយសាកសពត្រូវបានកប់នៅតាមភូមិ ឃុំ និង ក្នុងព្រៃនានា ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ និងបានជីករកឃើញជាង១,១០៧អដ្ឋិធាតុ និងបានធ្វើមាតុភូមិ និវត្តន៍ទៅប្រទេសកំណើតដើម្បីប្រារព្ធពិធីតាមសាសនា។
នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនក្រុមk72 ដែលមានស្រាបៀរចំនួន៤៦កេស ទឹកសុទ្ធចំនួន២០កេស សាច់ជ្រូក២០គីឡូក្រាម សាច់គោ២០គីឡូក្រាម ត្រីស្រស់១០គ.ក មីចំនួន១០កេស និងបន្លែគ្រប់មុខមួយចំនួន ដើម្បីឲ្យកងកម្លាំង K72 បានចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
លោកសុខ លូ បានមានប្រសាសន៍ ឲ្យកងកម្លាំងទាំងពីរបន្តឹងរឹតបន្តឹងចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ ទាំងការជីករុករកអដ្ឋិធាតុ ទាំងផ្នែកយោធា ការសាងសង់ និងផ្នែកមនុស្សធម៌ ដើម្បីប្រជាជនប្រទេសទាំង២រស់នៅបានសុខសាន្ត ក្នុងនោះឯកឧត្ដម សុខ លូ ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក ដែលតែងតែគាំទ្រ ឧបត្ថម្ភ ទាំងសម្ភារៈ ថវិកា ដើម្បីឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានលទ្ធភាពកសាងបន្ទាយ សម្រាប់ជាជម្រកស្នាក់នៅ និងជាកន្លែងធ្វើការរបស់កងយោធពលខេមរភូមិន្ទ។
លោកបានបញ្ជាក់ថា ត្រង់ចំណុចនេះ បានបញ្ជាក់ឲ្យឃើញពីកត្តាដែលធ្វើឲ្យសន្តិភាព ដែលគឺមានការអភិវឌ្ឍ រីកចម្រើន ក្រោមនយោបាយឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងប្រទេសចាប់តាំងពីបាតដៃទទេ រហូតមកដល់ពេលនេះ គឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យ គឺដោយសារតែប្រទេសមានសន្តិភាព និងស្ថិរភាពនយោបាយ៕
Source: Kampuchea Thmey Daily
0 Comments