ព្រះសីហនុ ៖ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាច្រើន ដែលបានធ្វើដំណើរតាមកំណាត់ផ្លូវជាប់ នឹង ដីអតីតក្រុមហ៊ុន អរីស្តុនដែល ជាផ្លូវដ៏ធំមួយ តភ្ជាប់ពីតំបន់ឆ្នេរអូរឈើទាល ទៅតំបន់ឆ្នេរអូរត្រេះ បានធ្វើការរិះគន់ត្រង់ៗទៅលើអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរក្រុងព្រះសីហនុថា ហេតុ អីបានជាបណ្ដែតបណ្ដោយ មានការសាងសង់ សួនច្បារ នៅលើដី ចំណីផ្លូវសាធារណៈ ធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈ និងសោភ័ណភាព ក្រុងទេសចរណ៍បែបនេះ។
លោក ធារ៉ា ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ ដែលបានរិះគន់ដោយ បញ្ចេញទស្សនៈថា លោកមានការចាប់អារម្មណ៍ ខ្លាំងណាស់ ទៅនឹងទង្វើបែបមិនទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេស អាជ្ញាធរក្រុង ដែលបានអនុញ្ញាត ក្រុមហ៊ុន( ស៊ីង ទូហួយ)ដែលជាក្រុមហ៊ុន ចិន ដ៏ធំមួយ ធ្វើការសាងសង់ សួនច្បារ លើដីចិញ្ចើមផ្លូវសាធារណៈ បម្រើផលប្រយោជន៍ បុគ្គលខ្លួន បង្កផលប៉ះពាល់ ការធ្វើចរាចរ មហាជនទូទៅ ពីព្រោះថា នេះគំរូអាក្រក់មួយសម្រាប់ការដ្ឋាន សំណង់ក្រុមហ៊ុន ផ្សេងៗគេនឹងធ្វើបានដូចគ្នា ដោយមិនគិតពីបញ្ហាផ្លូវច្បាប់នោះឡើយ។ ជាការសំណូមពរ សូមថ្នាក់ដឹកនាំ អាជ្ញាធរក្រុង ខេត្តព្រះសីហនុ មេត្តា ធ្វើការពិនិត្យផង និងមានវិធានការតាម ផ្លូវច្បាប់ ឲ្យមានប្រសិទ្ធភាពដើម្បីឲ្យមានភាពល្អប្រសើរ ឡើងវិញ នូវសណ្ដាប់ធ្នាប់សាធារណៈ និងសោភណភាពទីក្រុង តែបើមិនដូច្នេះទេ ចប់ហើយ ក្រុងព្រះសីហនុ។
ជាមួយនឹង ការលើកឡើងខាងលើនេះ ត្រូវបានមន្ត្រីភូមិបាល ក្រុង ព្រះសីហនុ ធ្វើការអះអាងថា សួនច្បារ ដែលបានសាងសង់ខាងលើនេះ គឺពិតជាសាងសង់លើដី ចំណីផ្លូវ សាធារណៈ យ៉ាងពិតប្រាកដ ពីព្រោះថា ផ្លូវមួយខ្សែនេះ ជាផ្លូវមេ ដែលមានទំហំធំ ទទឹងប្រមាណ២០ម៉ែត្រ និងចំណីផ្លូវសងខាង១០ ម៉ែត្រៗ សរុប ផ្លូវនេះ មានទំហំ ទទឹង បើគិត ទាំងដីចំណីផ្លូវ ផងនោះ គឺទំហំ៤០ម៉ែត្រ។ ដូចនេះ អ្វីដែលប្រជាពលរដ្ឋ លើកឡើងខាងលើនេះ វាមិនខុស នោះទេ ព្រោះថា បើធ្វើការពិនិត្យជាក់ស្តែង សំណង់សួនច្បាររបស់ ក្រុមហ៊ុនចិនមួយនេះ គឺសាងសង់លើដីចំណីទាំងស្រុង តែម្តង ហើយជុំវិញបញ្ហានេះ ខាងមន្ត្រីជំនាញ ពាក់ព័ន្ធ ដែលចុះមកធ្វើការពិនិត្យ ក៏ធ្លាប់ធ្វើរបាយការណ៍ ដាក់ជូន ទៅលើអភិបាលក្រុង រួចហើយ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានបទបញ្ជាណាមួយ ក្នុងការទប់ស្កាត់ លើសំណង់ល្មើស មួយនេះនៅឡើយទេ។
ដោយឡែកសម្រាប់ មន្ត្រីសាលាក្រុង ព្រះសីហនុ បានលួចបង្ហើបប្រាប់ ឲ្យដឹងថា ក្រុមហ៊ុនចិន ខាងលើ នេះ មុនពេលធ្វើការសាងសង់ សួនច្បារ លើដីចំណីផ្លូវ បែបនេះ គឺបានទៅសុំការអនុញ្ញាតពីលោកអភិបាលក្រុង ព្រះសីហនុដោយផ្ទាល់ ដោយសន្យាថា សួនច្បារនេះ គឺជាសំណង់សាងសង់គ្រោះអាសន្ន ទេ ហើយសំណង់សួនច្បារនេះ នឹងត្រូវវាយកម្ទេចចោលវិញ នៅពេលការដ្ឋានសំណង់ខាងក្នុងសាងសង់រួចរាល់។
ជុំវិញបញ្ហានេះ លោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុ មិនអាចសុំការបំភ្លឺបានទេ តែទោះជាយ៉ាងណាក៏ដោយសង្ឃឹមថា លោកអភិបាលក្រុង នឹងមានវិធានការ លើសំណង់ខាងលើ តាមផ្លូវច្បាប់ ភូមិបាល ដែលបានកំណត់។
គួរបញ្ជាក់ផងដែរថា ក្រុងព្រះសីហនុ ដោយសារតែ មានភាពធូររលុង ក្នុងអនុវត្តច្បាប់ គួបផ្សំ នឹង មានអំពើពុករលួយ ផងដែរនោះ ត្រូវបានគេមើលឃើញថា មានសំណង់ជាច្រើនសាងសង់ មិនមានច្បាប់អនុញ្ញាត អ្វីនោះទេ ហើយសំណង់មួយចំនួនបានសាងសង់ លយលើដីចំណីផ្លូវ សាធារណៈ និងខ្លះ ធ្វើការ សាងសង់ លើដីអូរ ប្រព័ន្ធ បង្ហូរទឹក យ៉ាងរលូន ជាលទ្ធផល ការកកស្ទះ ចរាចរ កើតមាន ជាប្រចាំ ដោយសារ ផ្លូវ តូចចង្អៀត ចំណែកអូរប្រឡាយ បង្ហូរទឹក វិញ ឲ្យតែដល់រដូវវស្សា ទីក្រុង ព្រះសីហនុ ទាំងមូល នឹងមានទឹក ជន់លិចផ្លូវ ស្ទើរគ្រប់តំបន់ បង្កភាពស្មុគស្មាញ រកទីបញ្ចប់គ្មាន។ ចំណុចនេះ ថ្នាក់ដឹកនាំខេត្តគួរ ចាប់អារម្មណ៍ ខ្លះហើយ និងមានវិធានការតាម ផ្លូវច្បាប់ ឲ្យមានប្រសិទ្ធភាព ពីព្រោះទាំងផ្លូវ ទាំង អូរ ប្រឡាយទឹក សុទ្ធសឹង មានការកំណត់ជាក់លាក់ ច្បាស់លាស់ នៅក្នុងប្លង់ ប្រព័ន្ធ សុរិយោដី រួចជាស្រេច៕
Source: Kampuchea Thmey Daily
0 Comments