Ad Code

ពិធី​បិទ​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ​ឯកស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩



កំពត​ ៖​ នៅ​រសៀល​ថ្ងៃ​អង្គារ ​១២​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវនឹង​​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​លោកស្រី ព្រមទាំង លោក​អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ខេត្ត​កំពត អម​ដំណើរ​ដោយ​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នាយក ​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ ​អង្គភាព​ជុំវិញ​ខេត្ត ​នាយក​ទី​ចាត់ ប្រធាន​អង្គភាព មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត បងប្អូន​ប្រជាពលរដ្ឋ យុវជន សរុប ប្រមាណ​២.០០០​នាក់។

ក្នុង​ពិធី​នោះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត ក៏បាន​ឧបត្ថម្ភ​ថវិកា​សរុប ១៣.១២០.០០០​រៀល ដល់​កម្លាំង​ទាំងបី ដោយ​ម្នាក់​ទទួលបាន ២​ម៉ឺន​រៀល រួមមាន ស្នងការ​នគរបាល​ខេត្ត​៥១២​នាក់ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​៥០​នាក់ និង កងរាជអាវុធហត្ថ​ខេត្ត​៩៤​នាក់​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ ភេសជ្ជៈ ១២០​កេស ដល់​បងប្អូន​ប្រជាពលរដ្ឋ យុវជន ដែល​បាន​ចូលរួម​រាំ​លេង​កម្សាន្ត​សប្បាយ ក្នុង​កម្មវិធី​បិទ​កំពត​សង្ក្រាន្ត​នេះ​ផងដែរ​។​

​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះដែរ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ថ្លែងថា កំពត​សង្ក្រាន្ត រយៈពេល​៣​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត យុវជន យុវនារី ភ្ញៀវ​ជាតិ អន្តរជាតិ បាន​ចូលរួម​ទស្សនា និង​កម្សាន្ត​យ៉ាងច្រើន​កុះករ នៅតាម​រមណីយដ្ឋាន​នានា ពិសេស​ចូល​លេង​កម្សាន្ត​ក្នុង​កម្មវិធី​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​នៅតាម​សួន​មាត់​ព្រែក នៅក្នុង​ពហុ​កីឡដ្ឋាន និង​នៅតាម​ទី​សាធារណៈ​នានា​នៃ​ទីប្រជុំជន​ខេត្តកំពត ហើយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ស្របពេល​នឹង​ការចាប់ផ្តើម​នៃ​ឆ្នាំ​ដំបូង ក្នុង​ដំណើរការ​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ ហើយ​សន្តិភាព​ដែល​បាន​កើតមានឡើង​ដូច​សព្វថ្ងៃនេះ គឺ​បាន​កើត​ចេញពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ បើ​ប្រទេស​​គ្មាន​សន្តិភាព ក៏​គ្មាន​ការ​អភិវឌ្ឍ​ និង​គ្មាន​ការ​ជួបជុំ​សប្បាយរីករាយ​ដូច​ពេលនេះ​ដែរ ដូច្នេះ​យើង​ទាំង​អស់គ្នា សូម​ប្តេជ្ញា​ និង​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​មួយ​នេះ ​ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏ដោយ។

ជា​ចុងក្រោយ លោក​អភិបាលខេត្ត បាន​បួងសួង​ដល់​បារមី​សក្ដិសិទ្ធិ​ក្នុង​លោក ពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ព្រះនាម ទុង្សទេវី សូម​តាម​ជួយ​ប្រោះព្រំ​ពរជ័យ​សិរី​សួស្តី និង​សព្វ​សាធុការពរ​បវរ​មហា​ប្រសើរ ចំពោះ លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ទាំងមូល ភ្ញៀវ​ជាតិ អន្តរជាតិ​ទាំងអស់ សូម​ជួបប្រទះ​នូវ​សុខ​ភាពល្អ សេចក្តីសុខ​គ្រប់ប្រការ សុភមង្គល​គ្រប់​ក្រុមគ្រួសារ និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ប​ន្ថែ​ម​ទៀត ក្នុង​ឆ្នាំ​ថ្មី​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu