ភ្នំពេញ ៖ ជញ្ជាំងស្មាតបត បិទបាំងបង្កាន់ដៃផ្នែកខាងក្នុង និងខ្សែភ្លើងដាច់រាយប៉ាយនៅលើកន្លងថ្មើរជើង នៃស្ពានអាកាសកាត់ទទឹងផ្លូវជាតិលេខ៤ ខាងលិចទល់មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនមិនស្គាល់មុខវាយបំផ្លិចបំផ្លាញ បណ្ដាលឲ្យរងការខូចខាតបែកបាក់ខ្ទេចខ្ទី ដោយមិនដឹងថា មានមូលហេតុអ្វីឡើយ។
សកម្មភាពបែបនេះ ស.បញ្ជាក់ឲ្យឃើញថា អាជ្ញាធរហាក់មានការធ្វេសប្រហែសខ្លាំងណាស់ នេះសំណាងហើយដែលជនមិនស្គាល់មុខមានគំនិតត្រឹមតែវាយបំផ្លាញរបស់របរតែប៉ុណ្ណឹងនោះ ចុះបើសិនជាពួកគេមានគំនិតទុច្ចរិតដាក់គ្រឿងផ្ទុះផ្ដាច់ស្ពាននោះវិញ តើវាគ្រោះថ្នាក់ប៉ុណ្ណា ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ព្រោះក្រោយមានហេតុការណ៍នេះ កើតឡើង គេមិនដឹងភ្លាមៗនោះទេ ជាច្រើនថ្ងៃកន្លងមកទើបគេដឹងថា មានរឿងនេះកើតឡើង។
ប្រជាពលរដ្ឋ ដែលដើរឆ្លងផ្លូវតាមនោះបានប្រទះឃើញជញ្ជាំងស្ពាននោះខូចខាតច្រើនថ្ងៃកន្លងមកហើយ និងបានធ្វើឲ្យពួកគាត់មានការហួសចិត្តយ៉ាងខ្លាំង និងបានចាត់ទុកថា អ្នកបំផ្លាញ គឺជាជនចង្រៃបំផុត ព្រមទាំងបានសំណូមពរសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយវែកមុខជនអគតិ ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ផង។ ព្រោះថាបើសិនជាពួកគេធ្វើអ្វីហួសហេតុជាងនេះទៅទៀតនោះ វាប្រាកដជាបានសម្រេចយ៉ាងងាយ ដោយសារពួកគេធ្វើប៉ុណ្ណឹងហើយ គ្មានអ្នកណាចាប់អារម្មណ៍ឡើយ។
អ្នកភូមិជម្ពូវ័នបាននិយាយថា ស្ពានអាកាសថ្មើរជើងនោះ មាន២ខ្សែ គឺ១ខ្សែ ស្ថិតនៅខាងលិចចំមុខផ្សារជម្ពូវ័ន និងមុខសាលាបឋមសិក្សាជម្ពូវ័ន ចំណែក១ខ្សែទៀត ស្ថិតនៅមុខវិទ្យាល័យជម្ពូវ័ន ហើយត្រូវបានស្ថាបនាឡើងកាលពីអំឡុងចុងឆ្នាំ២០១៦ កន្លងទៅនេះ ដោយមន្ទីរសាធារណការរាជធានីភ្នំពេញ។
គោលដៅ ដើម្បីដាក់បម្រើដល់អ្នកដំណើរថ្មើរជើងឡើងឆ្លងកាត់ផ្លូវជាតិលេខ៤ បញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសសម្ដៅទៅដល់បញ្ហាសំខាន់បំផុតមួយទៀត គឺបញ្ចៀសមិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដើរឆ្លងផ្លូវ ក្នុងនោះអ្នកចេញចូលផ្សារជម្ពូវ័ន និងសិស្សសាលាទាំងថ្នាក់អនុវិទ្យាល័យវិទ្យាល័យ និងថ្នាក់បឋមសិក្សាផងដែរ។
ប្រភពដដែលបានបន្តថា ការសាងសង់ធ្វើឡើងយ៉ាងរឹងមាំ មុនដំបូងមិនមានការបិទបាំងជញ្ជាំងនោះទេ មានតែបង្កាន់ដៃដែកធម្មតាប៉ុណ្ណោះ លុះក្រោយមក មានការអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ទើបមានការបិទបាំងបង្កាន់ដៃដែកដោយផ្ទាំងស្មាតបត។
មិនតែប៉ុណ្ណោះ ក៏មានបំពាក់ភ្លើងបំភ្លឺត្រឹមត្រូវផងដែរ ដោយឡែកការធ្វើជញ្ជាំងស្មាតបតបិទបង្កាន់ដៃពីខាងក្នុងជាការលម្អស្ពាន និងដើម្បីជាការបិទបាំងខ្សែភ្លើង និងឆ្អឹងដែកកុំឲ្យមើលទៅមានភាពរញ៉េរញ៉ៃផងដែរ។
តែទោះជាយ៉ាងណា មនុស្សមួយចំនួនតូច នៅតែមិនព្រមឡើងដើរឆ្លងស្ពាន ព្រោះតែខ្ជិលឡើង សុខចិត្តដើរឆ្លងខាងក្រោមប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល ប៉ុន្តែក៏មានមនុស្សជាច្រើនបានប្រើប្រាស់ស្ពាននេះ ដោយបានឡើងដើរឆ្លងស្ពានទៅមកជាបន្តបន្ទាប់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ គិតរហូតមកទល់នឹងពេលនេះ ស្ពានខាងលើ មានអាយុកាលប្រមាណជាង៣ឆ្នាំហើយ បែរជាពេលនេះត្រូវជនមិនស្គាល់មុខធ្វើសកម្មភាពវាយបំផ្លាញជញ្ជាំងខូចខ្ទេចខ្ទីបែបនេះ។
រីឯបញ្ហាមួយទៀត ក្រុមជនដៃដល់បានទាញផ្ដាច់ខ្សែភ្លើង បណ្ដាលឲ្យដាច់រញ៉េរញ៉ៃ ដែលជាក្ដីបារម្ភចំពោះសុវត្ថិភាពអ្នកដើរឆ្លងកាត់ផងដែរ បើគ្មានការជួសជុលឡើងវិញទេ នៅពេលមានភ្លៀងធ្លាក់ និងឆ្លងចរន្តឆក់អ្នកដើរលើនោះមិនខានឡើយ ដូច្នេះពួកគាត់សំណូមពរឲ្យមានការជួសជុលឡើងវិញជាបន្ទាន់ផង៕
Source: Kampuchea Thmey Daily
0 Comments