ភ្នំពេញ ៖ គ្រឿងញៀនចំនួន៥កញ្ចប់ រួមទាំងវត្ថុតាងផ្សេងទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញបើកប្រតិបត្តិការបង្ក្រាបទាន់ពេលខណៈជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរជាក់ស្តែង។
កម្លាំងប៉ូលិសនៃអធិការដ្ឋាននគរបាលខណ្ឌបានឲ្យដឹងថា លទ្ធផលបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបន្តស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២និង១០នាទី ដោយអនុវត្តន៍តាមបញ្ជារបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង R6 ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចផ្នែកជំនាញបានបន្តថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមានទី១/ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្នុងវត្តកោះ (ជួញដូរគ្រឿងញៀន) ទី២/ឈ្មោះ នាង ចាន់វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ វត្ថុតាងចាប់យករួមមាន១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ ក្នុងនោះមាន០៣កញ្ចប់ធំ។ ២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី និងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្ក្រាបជាប់ជាប្រចាំ៕
Source: Kampuchea Thmey Daily
0 Comments