អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករ ម៉ែន ពិភព សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានសម្រេចក្តីស្រម៉ៃក្លាយជាគ្រូបង្វឹក បើទោះបីជាខ្លួននៅវ័យក្មេង និងមិនទាន់មាន Licence អ្វីក៏ដោយ។ នេះបើតាមរយៈការផ្តល់បទសម្ភាសន៍ជាមួយវេបសាយក្លិបបាល់ទាត់ភ្នំពេញក្រោន។
អតីតកីឡាកររូបនេះបាននិយាយថា «ក្តីស្រម៉ៃរបស់ខ្ញុំតាំងពីក្មេងមកគឺ ខ្ញុំចង់ក្លាយជាកីឡាករអាជីព និងក្លាយជាគ្រូបង្វឹកបាល់ទាត់ ចំពោះកីឡាករអាជីពខ្ញុំលេងបានរយៈពេល ២ឆ្នាំ និងបានប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ២លើក ។ មូលហេតុចម្បងដែលខ្ញុំចាប់យកអាជីពជាគ្រូបង្វឹកបាល់ទាត់នោះគឺ កើតចេញមកពីការបាក់ទឹកចិត្ត ក្រោយពីទម្រង់លេងរបស់ខ្ញុំមានការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យខ្ញុំគិតថាមិនអាចទៅមុខទៀតបាន មួយវិញទៀតនោះគឺខ្ញុំស្រលាញ់វិស័យបាល់ទាត់ណាស់ ខ្ញុំចង់ចូលរួមលើកស្ទួយវិស័យបាល់ទាត់កម្ពុជាតាមរយៈចំនេះដឹងបាល់ទាត់ដែលខ្ញុំមាននាពេលកន្លងមក»។
គ្រូបង្វឹកក្រុមថ្នាលនៃក្រុមភ្នំពេញក្រោនអាយុក្រោម១៦ឆ្នាំ (U16) រូបនេះបានបន្ថែមទៀតថា « ខ្ញុំពិតជាអរគុណក្លឹបបាល់ទាត់ភ្នំពេញក្រោនខ្លាំងណាស់ ព្រោះពីដំបូងឡើយមិនមានអ្នកណាគេទទួលយកខ្ញុំនោះទេព្រោះតែកាយសម្បទារបស់ខ្ញុំ ប៉ុន្តែភ្នំពេញក្រោនបានផ្តល់ឱកាសដល់ខ្ញុំមកចូលរួមជាមួយ ទាំងការហ្វឹកហាត់ ការសិក្សា ចំនីអាហារ ពោលគឺអ្វីៗគ្រប់យ៉ាង១០០%លើរូបខ្ញុំតាំងពីឆ្នាំ២០១១ រហូតដល់ពេលបច្ចុប្បន្ននេះ លោកពូម្ចាស់ក្លឹបគាត់មានគុណលើរូបខ្ញុំ ដូច្នេះបើទោះបីជាខ្ញុំមិនអាចចូលរួមជាមួយក្រុមធំបាន ក៏ខ្ញុំចូលរួមតាមរបៀបជាការផ្តល់បទពិសោធន៍នេះផងដែរ»។
ជាចុងក្រោយកីឡាករដែលមានប្រភពមកពីខេត្តពោធិ៍សាត់ រូបនេះបានសំណូមពរទៅកាន់អ្នកដែលស្រលាញ់បាល់ទាត់យ៉ាងដូច្នេះថា « ខ្ញុំសូមឲ្យអ្នកដែលចង់ក្លាយជាកីឡាករអាជីពព្យាយាមបន្ថែមទៀតទាំងក្នុង និងក្រៅទីលាន បញ្ហាទាំងអស់គឺមកពីខ្លួនយើងផ្ទាល់ នៅពេលដែលយើងធ្លាក់ទម្រង់លេងយើងត្រូវតែខិតខំព្យាយាមហ្វឹកហាត់ លួចហាត់បន្ថែមខ្លួនឯង ស្តាប់យោបល់ល្អៗពីគ្រូបង្វឹក ក៏ដូចជាអ្នកនៅជុំវិញខ្លួន ។ ខ្ញុំក៏សូមអរគុណដល់លោកពូសំណាងដែលជាម្ចាស់ក្លឹប គាត់តែងតែយកចិត្តទុកដាក់មកលើរូបខ្ញុំ និងក្មេងៗដែលស្រលាញ់បាល់ទាត់ គាត់ចាត់ទុកពួកខ្ញុំជាគ្រួសាររបស់គាត់ ខ្ញុំសូមជូនពរគាត់ និងគ្រួសារឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យបន្ថែមទៀត»។
គួររំលឹកផងដែរថា ម៉ែន ពិភព ទើបតែមានអាយុ២០ឆ្នាំប៉ុណ្ណោះ ហើយរូបគេបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោននៅឆ្នាំ២០១១មកម្ល៉េះ ដោយចូលធ្វើការហ្វឹកហាត់ជាមួយក្រុមថ្នាល និងបានបន្តអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតរហូតបានចូលលេងក្រុមឈុតធំ និងមានឱកាសបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments