ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូននិវត្តជន និងអតីតមន្ត្រីរាជការក្នុងខេត្តព្រៃវែង ប្រមាណ៤,៥៧៧នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តបានរាយការណ៍អំពីសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្តបានពង្រឹងជាប់ជាប្រចាំ ដោយបានផ្សព្វផ្សាយគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពល្អប្រសើរ។ ជាមួយនោះ ខេត្ត ក៏បានយកចិត្តទុកដាក់ការចាត់តាំងការអនុវត្តនៅគ្រប់មូលដ្ឋាន និងចិត្តវិធានការនានា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងលុបបំបាត់នូវរាល់សកម្មភាពអសកម្មមួយចំនួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។
ឯកឧត្ដមក៏បានបន្តទៀតថា ចំពោះបញ្ហាផ្នែកសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ត្រូវបានគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល បានរៀបចំដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ដោយសំដៅលើកស្ទួយសុខមាលភាពមនុស្សចាស់ឲ្យបានល្អប្រសើរឡើង ក្នុងនោះមាន ការផ្ដល់នូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិតការបង្កើតមូលនិធិជនពិការរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ គោលនយោបាយស្ដីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ និងនគរបាលត្រៀមចូលនិវត្តន៍តាមការផ្ដល់ដីសម្បទានសង្គមកិច្ច។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្ត ដែលតែងតែការយកចិត្តទុកដាក់ចំពោះបងប្អូននិវត្តជនមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់កន្លងមក។
សម្ដេចក្រឡាហោមក៏បានបន្តទៀតថា តាមរយៈពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូននិវត្តជន អតីតយុទ្ធជន និងអតីតមន្ត្រីរាជការទាំងអស់ សម្ដេចក៏សំដែងនូវការដឹងគុណចំពោះវីរភាពកន្លងមកដែលបានយកអស់កម្លាំងកាយចិត្ត និងហ៊ានបូជាជីវិតដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងប្រជាជនមិនឲ្យសត្រូវចូលរំលោភ និងឈ្លានពានបូរណភាពទឹកដី ព្រមទាំងរក្សាបាននូវសុខសន្តិភាពស្ថិរភាពសង្គម ដើម្បីប្រជាជន យុវជនជំនាន់ក្រោយបាន រស់នៅក្នុងសុខសន្តិភាពរហូតដល់ពេលនេះ។
សម្ដេច សូមឲ្យរួមគ្នា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់មនុស្សចាស់ទាំងផ្នែកសម្ភារៈ និងស្មារតី ដើម្បីឲ្យពួកគាត់បានសុខភាពល្អអាយុយឺនយូរ និងមានសុភមង្គលនៅក្នុងគ្រួសារ។ ក្នុងនោះ សម្ដេច ក៏បន្ថែមប្រាក់ឧបត្ថម្ភលើប្រាក់ខែរបស់បងប្អូន និវត្តជន និងអតីតមន្ត្រីរាជការចំនួន៥ម៉ឺនរៀលក្នុងម្នាក់ៗ នោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments