ភ្នំពេញ ៖ ប្រតិភូមកពីមហាវិទ្យាល័យការពារជាតិកេនយ៉ា ដែលជាប្រទេសធំមួយនៅក្នុងទ្វីបអាហ្វ្រិក បានមក សុំ បទពិសោធន៍ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពីមន្ត្រីជាន់ខ្ពស់មកពីវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) ដែលជាស្ថាប័នអប់រំចំណុះក្រោមក្រសួងពាណិជ្ជកម្ម យកទៅ អនុវត្ត ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ជាតិ។
នៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអញ្ជើញចូលរួមពី លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សួន វិជ្ជា ប្រធាន TTRI បានជម្រាបជូនប្រតិភូប្រទេសកេនយ៉ា ដឹកនាំដោយឧត្តមសេនីយ៍ A.K Ikenye អំពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួង ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់ទាំងពីររូប បានបន្តជម្រាបជូនប្រតិភូកេនយ៉ា អំពីកំណើនសេដ្ឋកិច្ច និងសក្តានុពលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា, កាលានុវត្តភាពធុរកិច្ច, គោលនយោយវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ផ្តល់ជូនដោយរាជរដ្ឋាភិបាល, តំបន់សេដ្ឋកិច្ចពិសេស និងគម្រោង Plus One, ស្ថិរភាពរូបិយប័ណ្ណជាតិ ព្រមទាំងភាពអនុគ្រោះពន្ធ (EBA និងMFN/GSP) លើនាំការចូលទំនិញ ដែលកម្ពុជាទទួលបានពីប្រទេសជាដៃគូចំនួន ៣២ នៅក្នុងពិភពលោក។
បន្ថែមលើនោះ មន្ត្រីជាន់ខ្ពស់កម្ពុជាទាំងពីរ ក៏បានស្នើប្រតិភូកេនយ៉ា ជួយកៀងគរធុរជន ឲ្យចូលមកបណ្តាក់ទុនលើវិស័យសំខាន់ៗមានដូចជា កសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃផលិតផលម្ហូបអាហារ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ការដឹកជញ្ជូន និងឡូជីស្ទិក, បច្ចេកព័ត៌មានវិទ្យា, រ៉ែ និងថាមពល, ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ A.K Ikenye និងប្រតិភូ បានថ្លែងអំណរគុណមន្ត្រីកម្ពុជា ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ ស្តីពីបទពិសោធន៍របស់កម្ពុជា លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ប្រតិភូកេនយ៉ា បានបង្ហាញជំនឿថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ នឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឲ្យកាន់ស្អិតល្មួតថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments