ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងបានជំនួសតំណែងប្រមុខរដ្ឋរបស់ខ្លួនដែលតំណាងឲ្យក្រុងព្យុងយ៉ាងក្នុងការចូលរួមជាអន្តរជាតិជាមួយបុរសម្នាក់ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះការរំលោភសិទ្ធិមនុស្ស។
KCNA បាននិយាយថា លោក Kim Yong Nam ដែលកាន់តំណែងនេះអស់រយៈពេលជិត២០ឆ្នាំមកហើយគឺត្រូវបានជំនួសដោយលោក Choe Ryong Hae អំឡុងសម័យប្រជុំលើកទី១នៃសមាជប្រជាជនកំពូលលើកទី១៤ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។
ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីដែលបម្រើការងារបានយូរជាងគេបំផុតនៅទីក្រុងព្យុងយ៉ាង, លោក Kim អាយុ៩១ឆ្នាំបានបង្ហាញខ្លួននៅក្នុងឆាកអន្តរជាតិជាច្រើនលើកកាលពីឆ្នាំមុនរួមទាំងក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃសហរដ្ឋអាមេរិក ចិននិងកូរ៉េខាងត្បូងក៏ដូចជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុង Pyeongchang ផងដែរ។
មុខតំណែងជាផ្លូវការរបស់លោកគឺប្រធានគណៈកម្មាធិការប្រតិបត្តិអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូល។
អ្នកជំនួសឈ្មោះ Choe ដែលត្រូវបានគេចាត់ទុកថាជាដៃស្តាំរបស់មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនគឺបានកើតនៅឆ្នាំ១៩៥០ដែលនេះបានបង្ហាញពីការផ្លាស់ប្តូរជំនាន់មួយនៅក្នុងភាពជាអ្នកដឹកនាំរបស់ប្រទេសកូរ៉េខាងជើង។
គាត់គឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីបីរូបដែលរងការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកកាលពីឆ្នាំមុនជុំវិញការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស។
នៅកន្លែងផ្សេងទៀត អ្នកចរចានុយក្លេអ៊ែរកំពូលលោក Kim Yong Chol និងអ្នកដទៃទៀតដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុងព្យុងយ៉ាងជាមួយសហរដ្ឋអាមេរិកនៅទីក្រុងហាណូយកាលពីខែកុម្ភៈគឺត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការរដ្ឋ។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Ri Yong Ho និងអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Choe Son Hui ក៏ត្រូវបានដំឡើងឋានៈទៅកាន់ស្ថាប័នសម្រេចចិត្តកំពូលរបស់កូរ៉េខាងជើងផងដែរ។
ហើយនាយករដ្ឋមន្ត្រីទីក្រុងព្យុងយ៉ាងលោក Pak Pong Ju ត្រូវបានជំនួសដោយលោក Kim Jae Ryong ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សពលករកំពុងកាន់អំណាច៕ AFP
Source: Kampuchea Thmey Daily
0 Comments