ភ្នំពេញ ៖ បុរសជាចោរម្នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានពេលកំពុងធ្វើសកម្មភាពឆក់យកទូរស័ព្ទគេដែលកំពុងធ្វើដំណើរតាមផ្លូវដូចគ្នា កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីឈ្មោះ ទេព ធីតា អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាជនរងគ្រោះនៅក្នុងហេតុការណ៍នេះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូជាមួយក្មួយស្រីតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុគាត់បានលើកទូរស័ព្ទនិយាយ បានបន្តិចក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើបានជិះម៉ូតូតាមពីក្រោយវ៉ាមកខាងស្តាំគាត់រួចយកទូរស័ព្ទពីដៃគាត់ប៉ុន្តែគាត់បានប្រុងប្រយ័ត្នទុកជាមុនជាហេតុធ្វើឲ្យចោរនោះឆក់មិនបានសម្រេច ហើយខណៈនោះគាត់ក៏បានស្រែកចោរៗឲ្យគេជួយ គាប់ជួនសមត្ថកិច្ចមកទាន់ឃើញដេញតាមចាប់ខ្លួនចោរឆក់នោះបានភ្លាមៗតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាចោរនោះឈ្មោះ គឹម ណាង អាយុ២៩ឆ្នាំ មានទីលំនៅផ្លេខ១២៨ ក្នុងបូរីសូនី នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
នៅក្នុងការចាប់ខ្លួនជនសង្ស័យនោះ ប៉ូលិសបានរឹបអូសម៉ូតូមួយគ្រឿងម៉ាកនិច ពាក់ស្លាកលេខ កណ្តាល 1T-4374 ដែលជនសង្ស័យបានជិះធ្វើសកម្មភាពឆក់ប្រព្រឹត្តបទល្មើស ហើយជាមួយគ្នានោះដែរប៉ូលិសក៏បានរកឃើញសារធាតុញៀនផ្ទុកនៅក្នុងខ្លួនជនសង្ស័យដែលបញ្ជាក់ថា ជនសង្ស័យជារូបនេះបានប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments