កីឡាករ Cristiano Ronaldo បានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គាត់ជាថ្មីម្តងទៀតហើយ ជាមួយនឹងការរកបាន១គ្រាប់ និងជួយឲ្យក្រុម Juventusទាត់ស្មើ១-១ជាមួយក្រុម Ajaxនៅការប្រកួតជើងទី១វគ្គ៨ក្រុមចុងក្រោយ Champions League របស់ពួកគេកាលពីថ្ងៃពុធកន្លងទៅ។
ក្រុមយក្សអ៊ីតាលី Juventus បាននាំមុខមុននៅពេលម៉ោងបញ្ចប់ការប្រកួតតង់ទី១ ពេលដែលខ្សែប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo ញាក់បាល់ដាច់ រួចបញ្ជូនបាល់ចូលក្នុង ហើយនិងលោតតែតបាល់បញ្ចូលទីបានសម្រេចពីការបោះបាល់របស់កីឡាករ Joao Cancelo ។
លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បាននិយាយថា កីឡាករ Ronaldoបង្ហាញទម្រង់លេងអស្ចារ្យក្នុងកម្រិតមួយដែលគាត់ខុសប្លែកពីកីឡាករដទៃទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Ajaxតាមបានស្មើវិញនៅ៣០វិនាទីប៉ុណ្ណោះ ពេលការប្រកួតចូលដល់តង់ទី២ ក្រោយកីឡាករ Canceloបាត់បង់ការគ្រប់គ្រងបាល់ ធ្វើឲ្យកីឡាករ David Neres ឆក់យកបាល់ រួចពេនមួយជើងបានសម្រេចកាត់អ្នកចាំទី Wojciech Szczesny របស់ក្រុម Juventus។
លទ្ធផលនេះដែរ បានធ្វើឲ្យក្រុមយក្សមកពីក្របខណ្ឌ Serie Aមួយនេះ ស្ថិតនៅលើទីតាំងដ៏រឹងមាំមួយនៃការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅការប្រកួតជើងទី២ ដែលធ្វើឡើងនៅក្នុងទីក្រុង Turin ប៉ុន្តែពួកគេត្រូវតែចងចាំផងដែរពីប្រវត្តិឈ្នះរបស់ក្រុម Ajax៤-១លើក្រុម Real Madrid កាលពីជុំមុន ដោយបានទម្លាក់ក្រុមជើងឯកបាល់ទាត់អឺរ៉ុបមួយនេះ ក្នុងលទ្ធផលទាំង២ជើង៥-៣៕
Source: Kampuchea Thmey Daily
0 Comments