ក្រុមគ្រូពេទ្យ បាននិយាយកាលពីថ្ងៃពុធថា វិរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិប្រេស៊ីលលោក Peleនឹងវះកាត់យកគ្រួសក្នុងតម្រងនោមចេញ រយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ក្រោយទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យក្រុងប៉ារីស សម្រាប់ការឆ្លងជំងឺមួយនេះ។
វិរុបុរសបាល់ទាត់វ័យ៧៨ឆ្នាំម្នាក់នេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Albert Einstein ស្ថិតក្នុងទីក្រុង Sao Paulo សម្រាប់ការធ្វើតេស្តបន្ថែមទៀត ក្រោយការមកដល់ប្រេស៊ីលរបស់លោក កាលពីព្រឹកថ្ងៃអង្គារ។
មន្ទីរពេទ្យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើតេស្តឃើញមានគ្រួសក្នុងតម្រងនោមផ្នែកខាងឆ្វេងរបស់លោក ហើយការវះកាត់យកចេញ ត្រូវបានកំណត់រួចហើយ អំឡុងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់លោក ប៉ុន្តែពេលវេលាជាក់លាក់ មិនត្រូវបានប្រកាសឲ្យដឹងនោះទេ។
ពួកគេបានបន្តទៀតថា អ្នកជំងឺស្ថិតនៅក្នុងស្ថានភាពល្អប្រសើរទេ ហើយនិងស្ថិតក្រោមការយកចិត្តទុកដាក់មើលថែយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យ។
សូមបញ្ជាក់ថា លោក Peleដែលត្រូវបានគេចាត់ទុកថា ជាកីឡាករបាល់ទាត់អស្ចារ្យជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនោះ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីពេទ្យឯកជនអាមេរិកស្ថិតនៅក្នុងទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃចន្ទ ក្រោយពីលោកធ្លាក់ខ្លួនឈឺ បន្ទាប់ពីចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយជាមួយខ្សែប្រយុទ្ធបារាំង Kylian Mbappe ។
លោក Peleដែលបានឈ្នះ World Cupជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅឆ្នាំ១៩៥៨, ១៩៦២ និងឆ្នាំ១៩៧០នោះ មានបញ្ហាសុខភាពធ្ងន់ធ្ងរច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
Source: Kampuchea Thmey Daily
0 Comments