សៀមរាប ៖ ស្ករផែន ដែលផលិតពីស្ករត្នោតធម្មជាតិរបស់អ្នកស្រុកបន្ទាយស្រី ទម្ងន់ជិត១តោន រួមជាមួយនឹងទស្សនីយភាពជាច្រើនទៀត នឹងត្រូវដាក់បង្ហាញជូនប្រជាពលរដ្ឋ នៅក្នុងព្រឹត្តិការណ៍ បន្ទាយស្រីសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
បន្ទាយស្រីសង្ក្រាន្ត នឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃ ស្របនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយពិធីនេះ នឹងធ្វើឡើងនៅក្នុងបរិវេណវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីភាពរុងរឿងល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងបន្តថែរក្សា កេរមរតកនេះឲ្យបានគង់វង្ស អាជ្ញាធរស្រុកបន្ទាយស្រីបានរៀបចំព្រឹត្តិការណ៍បន្ទាយស្រីសង្ក្រាន្ត ដោយបានបំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាព ខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតី អភិរក្សអភិវឌ្ឍន៍វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ក្នុងសម័យកាលសកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ និងផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងផលិតផល ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់។ នៅក្នុងព្រឹត្តិការណ៍បន្ទាយស្រីសង្ក្រាន្តនេះ នឹងមានបង្ហាញពីទស្សនីយភាពដ៏សម្បូរបែបពាក់ព័ន្ធទៅនឹងវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា ជាពិសេសនោះ គឺការធ្វើស្ករផែនយក្ស ដែលមានទម្ងន់៨០០គីឡូក្រាម ដើម្បីលើកស្ទួយផលិតផលស្ករត្នោត បង្ហាញដល់សាធារណជន និងភ្ញៀវជាតិ អន្តរជាតិ នៅស្រុកបន្ទាយស្រី មានស្ករផែនដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ មិនមានជាតិគីមី គឺធម្មជាតិសុទ្ធសាធ។
លោកបានបញ្ជាក់ថា ស្ករត្នោត គឺជាផលិតផលរបស់ខ្មែរសុទ្ធសាធ ហើយក៏ជាកេរ្តិ៍ដំណែលដែលដូនតាខ្មែរបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ធម្មជាតិ នៃស្ករត្នោត គឺមានឱជារសផ្អែមឆ្ងាញ់ គ្មានជាតិគីមី ដែលផលិតពីធម្មជាតិពិតប្រាកដ ហើយភាគច្រើនកសិករខ្មែរនៅតាមជនបទជាអ្នកផលិត។
បច្ចុប្បន្ន ផលិតផលខ្មែរមួយនេះ ហាក់មិនសូវទទួលបានការគាំទ្រឲ្យតម្លៃ និងបរិភោគពីសំណាក់ប្រជាជនខ្មែរនោះទេ ព្រោះថា ដោយសារអ្នកផលិតស្ករត្នោតមួយចំនួន បានផលិតឡើងដាក់ថ្នាំគីមីធ្វើឲ្យខូចរសជាតិ ខូចគុណភាព មានកេរ្តិ៍ឈ្មោះមិនល្អ។ យ៉ាងណាក្តី ក៏នៅមានប្រជាជនខ្មែរជាច្រើននាក់កំពុងបរិភោគ និងឲ្យតម្លៃខ្ពស់លើស្ករត្នោតខ្មែរ ហើយកំពុងស្វែងរកស្ករត្នោតដែលផលិតពីធម្មជាតិពិតប្រាកដ។ ដូច្នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទៅកម្សាន្តនៅខេត្តសៀមរាប នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រៅពីសប្បាយរីករាយនៅសៀមរាបសង្ក្រាន្ត និងនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ បងប្អូនអាចបន្តទៅកម្សាន្តនៅបន្ទាយស្រីបានព្រោះនៅទីនោះក៏មានទស្សនីយភាពសប្បាយៗជាច្រើនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments