ភ្នំពេញ ៖ តារាចម្រៀងចង្កាព្រែក លោក ឌួង ផាន់ណា បន្ទាប់ស្ងប់ស្ងាត់ពីសិល្បៈមួយរយៈពេលខ្លី ពេលនេះ ក៏ស្រាប់តែប្រកាសចេញនូវ MVបទចម្រៀង ជាលក្ខណៈចង្វាក់រាំវង់ ដើម្បីត្រៀមអបអរការរាំលេងកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះ។
ចំពោះMV បទចម្រៀងថ្មីរបស់តារាប្រុស លោក ឌួង ផាន់ណា ដែលបានCover ចេញពីចម្រៀងមរតកដើម ដែលច្រៀងរួមគ្នាដោយ លោក អ៊ឹម សុងសឺង និង អ្នកស្រី ប៉ែន រ៉ន នេះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ចេញផ្សព្វផ្សាយជាផ្លូវការហើយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ខណៈចំនួនអ្នកគាំទ្រ ក៏កំពុងកើនឡើងបន្តបន្ទាប់ផងនោះ។
បើតាមការបង្ហោះភ្ជាប់ជាមួយរូបភាព និងវីដេអូ នៃ MVចម្រៀងខាងលើនេះ តារាចម្រៀង លោក ឌួង ផាន់ណា បានសរសេររៀបរាប់ថា បទថ្មីរបស់ខ្ញុំបាទ សម្រាប់រាំកម្សាន្តពេលចូលឆ្នាំថ្មី ចេញជាMVហើយ ដូច្នេះបងប្អូនអាចចូលទស្សនា និងស្តាប់កម្សាន្តបាន។ ម្យ៉ាងទៀត កុំភ្លេចជួយគាំទ្របទនេះផង បងប្អូន។
ដោយឡែក បើតាមការឲ្យដឹងបន្ថែមពីតារាចម្រៀង លោក ឌួង ផាន់ណា បានប្រាប់កម្ពុជាថ្មីថាតាមរយៈការចេញMVបទថ្មី ដែលជាការCover សាច់ភ្លេងទំនុកដើមមកច្រៀងនេះ ដោយសារមើលឃើញថា បទនេះ ជាចង្វាក់បែបប្រពៃណី ហើយក៏ដើម្បីបង្កឲ្យមានភាពសប្បាយរីករាយ និងការជួបជុំរាំលេងកម្សាន្តពីសំណាក់បងប្អូនខ្មែរនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនៅពេលខាងមុខនេះផង។
តារាចម្រៀងប្រុសរូបនេះបាននិយាយទៀតថា នៅក្នុងMVបទនេះ ខ្ញុំឈប់ផឹកហើយ បានបង្កប់អត្ថន័យបែបកំប្លែងសប្បាយ ច្រៀងរៀបរាប់ពីការផឹកស៊ី រហូតធ្លាក់ខ្លួនឈឺ ចាក់ថ្នាំព្យួរសេរ៉ូម ទើបធ្វើឲ្យរាងចាល ក្នុងការផឹកស៊ីសប្បាយ លើសសមត្ថភាពរបស់ខ្លួន។
លើសពីនេះ ឌួង ផាន់ណា ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា ខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីបទនេះ ត្រូវបានបញ្ចេញផ្សព្វផ្សាយ កាលពីថ្មីៗកន្លងមកនេះ៕
Source: Kampuchea Thmey Daily
0 Comments