បាត់ដំបង ៖ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀតនៅខេត្តបាត់ដំបង ដែលជាសាខាទី៥ របស់ធនាគារបន្ទាប់ពីបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួន នៅខែមីនា ឆ្នាំ២០១៧ សាខាទួលគោក នៅខែសីហា ឆ្នាំ២០១៨ សាខាខេត្តសៀមរាប នៅ ខែតុលា ឆ្នាំ២០១៨ និងសាខាម៉ៅសេទុង នៅខែមករា ឆ្នាំ២០១៩។
ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាបាត់ដំបងដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៦ និង៣៧ ផ្លូវលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង បានធ្វើឡើងកាលពី ថ្ងៃពុធ ទី ១០ ខែមេសា ឆ្នាំ២០១៩ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសឿម ប៊ុនរឹទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាលោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា។
លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្តាញសាខា នៃធនាគារ ប្រេដ ប៊ែង ខេមបូឌា បានគូសបញ្ជាក់ឲ្យដឹងថា ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានចាក់គ្រឹះដ៏រឹងមាំ នៅក្នុងវិស័យធនាគារនៅកម្ពុជា និងរក្សាបាននូវការរីកចម្រើនទៅមុខជាលំដាប់។ ការបន្ថែមទីតាំងថ្មីទាំងនេះគឺជាមធ្យោបាយមួយបន្ថែមទៀត ដើម្បីបម្រើទីផ្សារកម្ពុជាឱ្យបានកាន់តែប្រសើរជាងមុនទៀត។"ការបើកទីតាំងជាច្រើននៅរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តសំខាន់ៗ ផ្តល់ឱកាសឱ្យយើងក្នុងការពង្រីកវិសាលភាព នៅក្នុងប្រទេស និងពង្រីកសេវាកម្ម សម្រាប់អតិថិជនរបស់យើងនាពេលបច្ចុប្បន្ន និងអនាគត។ ការបើកបណ្តាញនេះ គឺជាចំណែកដ៏សំខាន់ ក្នុងការផ្តល់សេវាកម្មធនាគារដ៏ពេញលេញមួយ។ បន្ថែមពីលើកម្មវិធីធនាគារចល័ត (Mobile App) និងប្រព័ន្ធផ្តល់សេវាធនាគារតាមអ៊ីនធើណែត ទីតាំងថ្មីៗរបស់យើងជួយយើងក្នុងការនាំយកសេវាកម្មធនាគារកាន់តែកៀកទៅនឹងអតិថិជនរបស់យើង។ អាទិភាពរបស់យើងគឺបំពេញតម្រូវការផ្នែកធនាគារនិងការផ្តល់ប្រាក់កម្ចី តាមរយៈបណ្ដាញដែលមានទាំងអស់"។
លោក Olivier Klein នាយកប្រតិបត្តិ ក្រុមធនាគារ ប្រេដ គ្រុប មានប្រសាសន៍ថា ក្រុមធនាគារ ប្រេដ គ្រុប (BRED Group) បានដាក់យុទ្ធសាស្ត្រ "ធនាគារគ្មានរយៈចម្ងាយ" ចាប់តាំងពីឆ្នាំ 2016 តាមរយៈការដាក់ឲ្យប្រើប្រាស់នូវ "ធនាគារមួយដែលនៅជិតអតិថិជនរបស់ខ្លួន ទាំងទីតាំងភូមិសាស្ដ្រ ក៏ដូចជាទំនាក់ទំនង ធ្វើយ៉ាងណាឲ្យទទួលបាននូវអ្វី ដែលល្អបំផុតតាមដែលការខិតជិតផ្នែកឌីជីថល និងបណ្តាសាខាអាចផ្តល់ទៅបាន។" ក្រុមការងារប្រកបដោយបទពិសោធន៍នៃធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងធានាផ្តល់ជូនអតិថិជននូវជំនួយហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ដ៏ល្អបំផុត សមស្របទៅតាមតម្រូវការរបស់ពួកគាត់។
ដោយឡែក លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា បានមានប្រសាសន៍ថា “គោលបំណងរបស់យើងគឺការបំបាត់នូវគម្លាត និងផ្តល់ជូនប្រជាជនកម្ពុជា នូវដៃគូទំនាក់ទំនងដែលអាចទុកចិត្តបាន និងដែលអាចពិភាក្សាដោយសេរីជាមួយបាន ពីគម្រោងនិងមហិច្ឆតារបស់ពួកគាត់។អ្វីដែលសំខាន់សម្រាប់យើង គឺធ្វើយ៉ាងណាដើម្បីឲ្យយើងអាចបម្រើលោកអ្នក និងជួយលោកអ្នកឱ្យរីកចម្រើនបាន។ ចាប់ផ្តើមជាមួយ ប្រេដរីកចម្រើនជាមួយ ប្រេដ។”
ធនាគារ ប្រេដ ប៊ែង ខេមបូឌា គ្រោងនឹងបើកបណ្តាញសាខាថ្មីៗជាច្រើនទៀត នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាពេលឆាប់ៗខាងមុខនេះ ដូចជានៅចោមចៅ នៅខែមិថុនា នៅម្តុំផ្សារអូឡាំពិក នៅខែកញ្ញា និងនៅផ្លូវ ២៧១ ក្រុងភ្នំពេញ ឬនៅក្រុងព្រះសីហនុ នៅចុងឆ្នាំ ២០១៩។ ទិសដៅរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌាគឺបើកសាខាចំនួន២០ និងដាក់ឲ្យដំណើរការទូអេធីអឹមចំនួន ១០០ នៅចុងឆ្នាំ ២០២០ ខាងមុខនេះ។
គួរបញ្ជាក់ថា ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ត្រូវបានកាន់កាប់ 100% ដោយធនាគារ BRED Banque Populaire (“BRED”) ដែលជាធនាគារសហប្រតិបត្តិការតំបន់របស់បារាំង និងបានចុះបញ្ជីនៅក្នុងប្រទេសបារាំង។ ធនាគារបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ដែលមានវិញ្ញាបនបត្រ និងចេញដោយក្រសួងពាណិជ្ជកម្ម នៅខែមេសា ឆ្នាំ 2016។ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅខែមករា ឆ្នាំ 2017 និងចាប់ផ្តើមប្រតិបត្តិការ នៅខែមីនា ឆ្នាំ 2017។ ធនាគារមានការិយាល័យកណ្ដាល នៅអគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានបុគ្គលិកចំនួន 153 នាក់ គិតត្រឹមខែមករា ឆ្នាំ 2019៕
Source: Kampuchea Thmey Daily
0 Comments