បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលប្រជុំក្នុងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានធ្វើពិធីសូត្រមន្តសុំសិរីសួស្ដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងធ្វើការចែកអំណោយជូនដល់មន្ត្រីរាជការចូលនិវត្តចំនួន២២នាក់។
ក្នុងពិធីនោះ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្រត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃមួយដ៏ល្អប្រពៃដែលបានជួបមន្ត្រីរាជការចូលនិវត្ត និងធ្វើពិធីសូត្រមន្តសុំសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូត្រមន្ត ប្រោសព្រំបង្កក់សិរីសួស្ដី ប្រសិទ្ធពរជ័យ សុំសេចក្តីសុខចម្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងឈានមកដល់ នាពេលដ៏ខ្លីខាងមុខនេះ គឺថ្ងៃ អាទិត្យ ១០កើត ខែចែត្រ ព.ស ២៥៦២ រហូតដល់ថ្ងៃ អង្គារ ១២កើត ខែ ចែត្រ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលជាទិវាដ៏មហាប្រសើរដែលជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្ដី ជ័យមង្គល វិបុលសុខផងដែរ។ និងជាពេលវេលា ប្រកបដោយភាពឧត្តុង្គឧត្ដម មហាប្រសើរ ក្នុងក្រុមគ្រួសារខ្មែរ និងសង្គមជាតិទាំងមូល ក្នុងការទទួលទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី បុត្រីទី ១ នៃ កបិលមហាព្រហ្ម។ ឆ្លៀតក្នុងឱកាស នក្ខត្តឬក្សនេះផងដែរ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្រត្រា ក៏បានផ្សាយនូវបុណ្យកុសល នៃពិធីនេះ គោរពជូនថ្វាយថ្នាក់ដឹកនាំ និងជូនមន្ត្រីរាជការ កងកម្លាំង ប្រជាជន មហាជន និងភ្ញៀវជាតិ អន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរឲ្យជួបប្រទះនឹងតែសេចក្តីសុខ និងកុំឲ្យមានជំងឺបៀតបៀនគ្រប់ៗគ្នា។ នៅចុងបញ្ចប់កម្មវិធី លោកវេជ្ជបណ្ឌិត កែវ សុភ័ក្រត្រា បានធ្វើពិធីចែកអំណោយជូនដល់មន្ត្រីរាជការ ដែលបានចូលនិវត្តចំនួន២២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១៥០,០០០រៀល និងឃីត១កញ្ចប់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments