ភ្នំពេញ ៖ ក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd កំពុងបោះជំហានចូលក្នុងទីផ្សារបង់រំលស់គ្រឿងចក្រកសិកម្មនៅក្នុងប្រទេសកម្ពុជា ដោយបានដាក់ឲ្យដំណើរការក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយដើមទុនរហូតដល់ទៅ ១៨ លានដុល្លារ អាមេរិក ដោយបានចាប់ផ្ដើម ប្រតិបត្តិការកាលពីថ្ងទី៨ ខែ សីហា ឆ្នាំ២០១៨កន្លងម។
នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុន KUBOTA Leasing (Cambodia)កាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោក Piyachart Srimarut ប្រធានក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. បានឱ្យដឹងថា ការឆ្លើយតបរបស់កសិករកម្ពុជា កាលពីឆ្នាំ ២០១៤ កន្លងទៅមានលក្ខណៈវិជ្ជមានល្អប្រសើរគួរជាទីមោទនៈ ចំពោះការដាក់អោយ ដំណើរការគ្រឿងចក្រកសិកម្មទំនើបរបស់ ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd.,។ ក្រុមហ៊ុន KUBOTA បានចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតក្រុមហ៊ុនបង់រំលស់នៅកម្ពុជាដើម្បីធ្វើប្រតិបត្តិការរួមគ្នា ដោយយកគំរូតាមភាពជោគជ័យរបស់ក្រុមហ៊ុន Siam Kubota Leasing Co. Ltd., ដែលបានជំរុញយ៉ាងខ្លាំងដល់ការលក់គ្រឿងចក្រកសិកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុនមួយនេះជាកម្មសិទ្ធិ ១០០% របស់ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd., ជាមួយនឹងការវិនិយោគបន្ថែមទៀតដើម្បីតាមអោយទាន់កំណើននៃការលក់ផលិតផល KUBOTA នៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់ជូននូវសេវាកម្មបង់រំលស់ក្នុងការគាំទ្រដល់ការលក់គ្រឿងចក្រកសិកម្មរបស់KUBOTA ក្នុងគោលបំណងជួយសម្រួលដល់ភាពជាម្ចាស់នៃគ្រឿងចក្រកសិកម្មដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់កសិករកម្ពុជា ។ ចំណុចដ៏លេចធ្លោនៃសេវាកម្មរបស់ក្រុមហ៊ុននេះរួមមាន៖ អត្រាការប្រាក់ទាប ការបង់ត្រឡប់មកវិញមានច្រើនប្រភេទទៅតាមទំហំនៃប្រាក់ចំណូល គ្មានបង្កប់កម្រៃសេវា ឬថ្លៃសេវាបន្ថែមផ្សេងៗឡើយ។ កត្តាទាំងនេះបង្ហាញឃើញពីភាពត្រឹមត្រូវ និងភាពស្មោះត្រង់របស់ក្រុមហ៊ុន។
អត្ថប្រយោជន៍នៃការបង់រំលស់ប្រភេទនេះគឺ អតិថិជនមិនចាំបាច់ចំណាយពេលវេលា ដើម្បីបង្កើនសាច់ប្រាក់ ឬដាក់ទ្រព្យបញ្ចាំផ្សេងទៀតដូចជា ដីធ្លីជាដើម ដើម្បីដាក់ពាក្យស្នើសុំនោះទេ ។ ដរាបណា អតិថិជនអាចបង់ប្រាក់កក់មុន និងមានលទ្ធភាពសង ត្រឡប់មកវិញបាន នោះក្រុមហ៊ុនអាចធ្វើការអនុម័តភ្លាមៗ ដោយអនុញ្ញាតឲ្យអតិថិជនទទួលបានគ្រឿងចក្រកសិកម្មសម្រាប់ប្រើប្រាស់បានយ៉ាងងាយស្រួលបំផុត។
បច្ចុប្បន្ននេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ហើយក៏មានផែនការពង្រីកសាខា និងសេវាកម្មបន្ថែមទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ឥឡូវនេះ លោកអ្នកអាចស្នើសុំសេវាកម្មបង់រំលស់នៅគ្រប់ដេប៉ូចែកចាយរបស់KUBOTA ទាំង២៤កន្លែង នៅទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ០២៣ ៩០១ ៧៤៥៕
Source: Kampuchea Thmey Daily
0 Comments