Ad Code

TV5​ ចាប់ផ្ដើម​ជម្រុះ​ជុំ​ទី​២ Knock Out Series 54kg ៖ ម៉ន ភារ​ម្យ ជួប​សឺ​ន ថៃ​សាន់ , ឡុង ណង​សៅ ជួប គួ​ន សុវណ្ណ​



ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៥៤​គីឡូក្រាម លើស​ង្វៀន​TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍​ ទី​០៤​ ខែឧសភា ឆ្នាំ​២០១៩​នេះ ជា​ការ​ចាប់ផ្ដើម​ប្រកួត​លើក​ដំបូង ក្នុង​ជម្រុះ​ជុំ​ទី​២ ដែល​មាន​អ្នក​ប្រដាល់៤រូប ដែល​ឆ្លង​ផុត​ពី​ជុំ​ទី​១​មក ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​៣ ដែលជា​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​នោះ​។​

ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៥៤​គីឡូក្រាម ជុំ​ទី​២ ជា​ការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ជុំ​ទី​៣ គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់​ និង​ជុំ​ទី​៤​ និង​ទី​៥ ជាការ​ប្រកួត​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ។​

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​១ ក្នុង​ជុំ​ទី​២​នេះ ម៉ន ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើងគោក នឹង​ជួប​ប្រកួត​ជាមួយ​ សឺ​ន ថៃ​សាន់ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ។

ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ ក៏​ប្រកួត​តែ​បី​ទឹក ដូច​ក្នុង​ជុំ​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

​រវាង​ម៉ន ភារ​ម្យ និង​សឺ​ន ថៃ​សាន់ នេះ ពួកគេ​ទោះបីជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូចគ្នា ហើយ​ធ្លាប់​ជួបគ្នា​ម្តង​កាលពី​ក្នុង​ឆ្នាំ​២០១៧​កន្លងមក ដោយ​ក្នុង​ការជួប​ពេលនោះ សឺ​ន ថៃ​សាន់ ឈ្នះ ម៉ន ភារ​ម្យ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា ពួកគេ​ទាំងពីរ​នាក់ មាន​កម្រិត​ទីតាំង​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ទេ ដែល​ពេលនោះ ម៉ន ភារ​ម្យ រាង​អន់​កម្លាំង​ស៊ុ​ហ្វ ទើប​គេ​វាយ​ចាញ់ ថៃ​សាន់ ដោយ​ពិន្ទុ នោះ។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ពេលនេះ សឺ​ន ថៃ​សាន់ មិន​ប្រាកដថា​ ឈ្នះ​ម៉ន ភារ​ម្យ ទៀត​នោះ​ទេ។ ភារ​ម្យ ឥឡូវ​គេ​ល្អ ខ្លាំង ព្រមទាំង​មាន​ល្បិចកល​ប្រកួត កណ្ដាប់ដៃ ​និង​ជើង​ទាត់​ខ្លាំង ហើយ​វាយ​ចេញ​លឿន​រហ័ស ដែល​ខុសពី ​សឺ​ន ថៃ​សាន់ ឥឡូវ​រាង​ស្រុត​ធ្លា​ក់ជាង​មុន​បន្តិច។​

​កាលពី​ក្នុង​ជុំ​ទី​១ ម៉ន ភារ​ម្យ គេ​វាយ​ឈ្នះ ប៊ុន គ​ន្ធា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដោយ​ពិន្ទុ។ ឯ សឺ​ន ថៃ​សាន់ គេ​ឈ្នះ​រិ​ទ្ធ ប្រាក់​ប៊ិន ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ​ដែរ។​

សម្រាប់​ការជួបគ្នា រវាង ម៉ន ភារ​ម្យ និង សឺ​ន ថៃ​សាន់ នេះ ជាការ​ជួបគ្នា​ដ៏​មាន​លក្ខណៈ​តឹងតែង​បំផុត ដែល​ក្រុមអ្នកវិភាគ​ប្រដាល់​មិន​ហ៊ាន​អះអាង​មុន​ថា នរណា​ជា​អ្នកឈ្នះ​នោះឡើយ។ តែ​យ៉ាង​ណា គេ​នៅតែ​រំពឹងថា ម៉ន ភារ​ម្យ អាច​នឹង​យកឈ្នះ សឺ​ន ថៃ​សាន់ បាន​វិញ​មិន​ខាន។​ ចាំមើល តើ​ម៉ន ភារ​ម្យ អាច​យកឈ្នះ​សឺ​ន ថៃ​សាន់ បាន​មែនឬ​អត់?។
​ ​
ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​ឡុង ណង​សៅ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា និង គួ​ន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លង​មក ព្រោះថា​ឡុង​ណង​សៅ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ឯ គួ​ន​សុវណ្ណ​គេ​ជា​ជើងចាស់​យូរហើយ។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ? តែ​យ៉ាងណា ឡុង ណង​សៅ គេ​មាន​តែម​ត្រង់​ខ្ពស់ជាង និង​ មាន​ផ្លែ​ល្អ​ជាង​គួ​ន សុវណ្ណ ហើយ​ម្យ៉ាងទៀត ណង​សៅ​គេ​នៅ​ក្មេង កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ និង​រឹងមាំ​ជាង​គួ​ន សុវណ្ណ។​

ប៉ុន្តែ​ឡុង ណង​សៅ ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល ចំពោះ​ជើងចាស់​គួ​ន សុវណ្ណ នេះ​បានដែរ ព្រោះ​សុវណ្ណ​នេះ គេ​ក៏មាន​ល្បិចកល​និង​បច្ចេកទេស​វាយ​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ ។​

កាលពី​ប្រកួត​ក្នុង​ជុំ​ទី​១​នោះ ឡុង ណង​សៅ គេ​បាន​ផ្តួល​ប្រាក់ ស៊ី​ណាត ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង​តែ​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ឯ គួ​ន សុវណ្ណ គេ​វាយ​ឈ្នះ​សួ ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ ។ ចាំមើល ក្នុង​ជុំ​ទី​២ រវាង​ឡុង ណា​ង​សៅ និង គួ​ន សុវណ្ណ នេះ តើន​រណា​នៅ នរណា​ដើរ​ចេញពី​ការប្រកួត​នេះ ? ។​

ការប្រកួត​ជម្រុះ​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៥៤​គីឡូក្រាម​ជុំ​ទី​១ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២៧​មេសា​កន្លងទៅនេះ បាន​ចម្រាញ់​បាន​អ្នក​ប្រដាល់​ចំនួន​១៦​រូប ក្នុង​ចំណោម​អ្នក​ប្រដាល់​ចំនួន ៣២ ដែល​ត្រូវ​ប្រកួត​បន្ត​ក្នុង​ជុំ​ទី​២​នេះ គឺ ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ,​ចាន់ សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ , ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា​, គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ​កីឡា , អេ ហនុមាន ក្លិប​អេ​ភូ​ថង​កីឡា , ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​,​គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​, ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ , ឫទ្ធិ សាស្ត្រា​វុ​ធ ក្លិប​អាណា​ចក្រ​គុន​ខ្មែរ ,​សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ,​អេ​អាំ​ម៉ា​រី​ន ភូ​ថង ក្លិប​អេ​ភូ​ថង​កីឡា , ជី ឆៃលី ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ,​សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប , លី តក់ ក្លិប​ប្រយុទ្ធ​គុន​ខ្មែរ ,​គីន ខ្លឹម ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu