ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលជំនួបនេះ ធ្វើឡើងនៅការិយាល័យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្ថិតនៅអគារលេខ៣ ផ្លូវVI.13 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយនៅក្នុងជំនួបនោះ លោក កែវ រ៉េមី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្ម៊ីត នាពេលនេះ។
លោកស្រី រ៉ូណា ស្មីត មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាល ហើយទស្សនកិច្ចនេះផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានា ចាប់តាំងពីបេសកកម្មរបស់លោកស្រី កាលពីខែវិច្ឆិកា កន្លងមក។
ជាមួយគ្នានោះ លោកស្រី មានបំណងបន្តការពិនិត្យផងដែរ ទៅលើវិស័យសិទ្ធិមនុស្ស ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និង គណនេយ្យភាព។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃនេះ លោកស្រី គ្រោងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា ហើយលោកស្រី នឹងបំពេញទស្សនកិច្ចផងដែរទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់៕
Source: Kampuchea Thmey Daily
0 Comments