Ad Code

កត្តា​អាកាសធាតុ​ នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​ខេត្ត​កោះកុង ប្រឈម​នឹង​វិបត្តិ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់



កោះកុង ៖ ខេត្តកោះកុង​កំពុងមាន​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​នូវ​វិបត្តិ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ ខណៈ​មួយ​រយៈពេល​ចុងក្រោយ​នៃ​ខែ​មេសា ឆ្នាំ​២០១៩​នេះ ឃើញថា ​នៅក្នុង​រោងចក្រ​មួយចំនួន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ដែល​ធ្លាប់តែ​មានទឹក​ប្រើប្រាស់​មិនចេះ​ដាច់​នោះ ត្រឡប់​ជា​ទិញ​ទឹក​ពី​ឈ្មួញ​លក់​ទឹក​តាម​រថយន្ត​ក្នុង​១​ថ្ងៃៗ​មិន​ក្រោម​ពី​១០​ឡាន​នោះ​ទេ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ដល់ កម្មករ កម្ម​ការិនី​ក្នុង​រោងចក្រ។​

បញ្ហា​ ដែល​បង្ក​អោយ​ខេត្តកោះកុង​ពុំមាន​ទឹកស្អាត​ប្រើប្រាស់​នោះ គឺ​បណ្តាលមកពី​កត្តា​អាកាសធាតុ​នៅតែ​បន្ត​កើន​កម្ដៅ​ខ្លាំង​ទៅៗ​ដែល​ជា​ហេតុ​នាំ​អោយ​ភ្លៀង​កក់ខែ​មាន​កម្រិត​ទាប​ជាង​ឆ្នាំមុនៗ ហើយ​បើ​គិត​មកទល់​នឹង​ពេលនេះ​មាន​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ​ដែល​តំបន់​ជាច្រើន​ក្នុង​ខេត្តកោះកុង​ពុំមាន​ទឹកស្អាត​សម្រាប់​ប្រើប្រាស់។

បើ​យើង​ក្រឡេក​ទៅ​មើល​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​មាន​បញ្ហា​ខ្វះខាត​នូវ​ទឹក​ស្អាត​ដើម្បី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ បានសម្រេច​ចិត្ត​ប្រើ​មធ្យោបាយ​ដឹក​ជញ្ជូន​ទឹក​តាម​ស្រះ នានា ដែលមាន​ក្លិន​មិនល្អ យកមកប្រើ​ប្រាស់​ជា​បណ្ដោះអាសន្ន​សិន ជាងនេះទៅទៀត​នៅតាម​តំបន់​មួយចំនួន​ក៏បាន​ត្រៀម​ធុង​នៅតាម​ដងផ្លូវ​ដើម្បី​រង់ចាំ​អាជ្ញាធរ​យក​ទឹក​មក​ចែកជូន​អោយ​ពួកគាត់​បាន​ប្រើប្រាស់។

​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ខាងលើនេះ នា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​​ ឯកឧត្តម កាយ ស​ម្រួ​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកោះកុង និង លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​ទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។​

គួរ​រំលឹកថា​ កន្លងមក​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​បទបញ្ជា​ឲ្យ​ក្រុមហ៊ុន L.Y.P.GROUP ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត និង អាជ្ញាធរ​ខេត្តកោះកុង ត្រូវ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ នា​រដូវប្រាំង​នេះ តែ​មកទល់ពេលនេះ​ឃើញថា​ក្រុមហ៊ុន​ក៏ដូចជា​អាជ្ញាធរ នៅតែ​ពុំ​អា​ចរក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកោះកុង បាន​នៅឡើយ​ទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu