Ad Code

ក្រុង Amsterdam នឹង​ហាមឃាត់​រថយន្ត​បំពុលបរិយាកាស​ចាប់ពី​ឆ្នាំ​២០៣០​ទៅ​




ក្រុមប្រឹក្សា​រដ្ឋធានី​ហូ​ឡង់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រាល់​រថយន្ត និង​ម៉ូតូ​ដែល​ដើរ​ដោយ​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​នឹងត្រូវ​ហាមឃាត់​ពី​ទីក្រុង Amsterdam ចាប់ពី​ឆ្នាំ​២០៣០​ទៅក្នុង​គោលបំណង​អនុវត្ត​កិច្ចខិតខំ​ប្រឹងប្រែង​សម្អាត​ខ្យល់​ទីក្រុង​ឱ្យ​ស្អាត​ឡើងវិញ​។​

សមាជិក​ក្រុមប្រឹក្សា​ចរាចរណ៍​ក្រុង​លោក Sharon Dijksma​បានឱ្យដឹងថា "​ការបំពុល​តែងតែ​ជា​ឃាតក​ដ៏​ស្ងៀមស្ងាត់​និង​ជា​គ្រោះថ្នាក់​សុខភាព​ដ៏​ធំ​បំផុត​ក្នុងចំណោម​គ្រោះថ្នាក់​ដទៃទៀត​ក្នុង​ទីក្រុង Amsterdam​។​"

គេ​សង្កេតឃើញ​ថាបើ​ទោះ​ការប្រើប្រាស់​កង់​មាន​លក្ខណៈ​ទូលំទូលាយ​ដោយ​ប្រជាជន​ហូ​ឡង់​ក៏​ពិតមែនតែ​ការបំពុល​បរិយាកាស​នៅ​ហូ​ឡង់​នៅតែមាន​កម្រិត​អាក្រក់​ជាង​នៅ​អឺរ៉ុប​ទៅ​ឡើយ​ក៏​ដោយសារតែ​បញ្ហា​ចរាចរណ៍​កកស្ទះ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រដ្ឋធានី Amsterdam និង​ក្រុង Rotterdam​។​ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា​កម្រិត​នី​ដ្រូ​សែន​ឌីអុកស៊ីត​ក្នុងពេល​បច្ចុប្បន្ន​និង​ការបញ្ចេញ​ភាគល្អិត​តូចៗ​អាច​នាំឱ្យមាន​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដែលជា​ជំងឺ​រ៉ាំរ៉ៃ​និង​អាច​កាត់បន្ថយ​អាយុ​រំពឹងទុក​របស់​មនុស្ស​បាន​ច្រើនជាង​១​ឆ្នាំ​ឯណោះ​។​

អាជ្ញាធរ​នៃ​ទីក្រុង Amsterdam បាន​និយាយថា​ខ្លួន​មាន​គោលបំណង​ជំនួស​រាល់​គ្រឿង​ម៉ាស៊ីន​ទាំងឡាយណា​ដែល​ប្រើ​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​ដោយ​យានជំនិះ​ដែល​មិនមាន​បញ្ចេញ​ផ្សែង​ដូចជា​រថយន្ត​អគ្គិសនី​និង​រថយន្ត​ដែល​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន​នៅ​ចុង​ទសវត្សរ៍​ក្រោយនេះ​។​

រដ្ឋធានី​មួយ​នេះ​នឹង​ចាប់ផ្ដើម​ផែនការ​នេះ​ដោយ​ហាមឃាត់​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ទាំងអស់​ដែល​ផលិត​មុន​ឆ្នាំ​២០០៥​ចេញពី​ទីក្រុង​នៅ​ឆ្នាំក្រោយ​និង​បន្ត​ពង្រីក​សកម្មភាព​របស់​ខ្លួន​លើ​យានយន្ត​ដែល​ត្រូវ​ហាមឃាត់​បន្ថែមទៀត​៕ REUTERS
​

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu