ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះ លោក គង់ ស្រ៊ីម នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ បានលើកយកសំណុំរឿងឃាតកម្មសម្លាប់ លោកបណ្ឌិត កែម ឡី ដែលមានជនជាប់ចោទឈ្មោះ អឿត អាង ហៅជួបសម្លាប់ អាយុ៣៨ឆ្នាំ ដែលបានប្តឹងសារទុក្ខមកធ្វើការជំនុំជម្រះជាសាធារណៈ។
សវនាការ បានធ្វើឡើងចំពោះមុខជនជាប់ចោទ និង មេធាវីការពារសិទ្ធិ លោកអ៊ឹម ម៉ាច និង ភាគីពាក់ព័ន្ធ,តែតុលាការបានលើកពេលប្រកាសដីកា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។
ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦បន្ទាប់ពីមាន ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅចំណុចផ្សារស្តាម៉ាតស្ថានីយប្រេងសាំងកាលតិចស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចប្រកាសសាលដីកាតម្កល់ទោសជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ នៅដដែលពោលគឺផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្រោមការចោទប្រកាន់ ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងបទការកាន់កាប់អាវុធដោយខុសច្បាប់ ករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។
ដោយឡែក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និង បទ ការកាន់កាប់អាវុធដោយខុសច្បាប់។
ក្នុងសវនាការកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ «ជួប សម្លាប់» បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី ដោយសារខឹង លោក កែម ឡី ជំពាក់ ប្រាក់មិនសង ហើយ អះអាងថា គ្មានអ្នកនៅពីក្រោយខ្នង នៃឃាតកម្មនេះនោះទេ។
គួរបញ្ជាក់ថា ជនជាប់ចោទអឿត អាង ហៅជួប សម្លាប់អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពី បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃ ស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និង មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments