Ad Code

វេ​ណេ​ហ្ស៊ូ​អេ​ឡា ​នឹង​កាត់ទោស​សមាជិកសភា ​ដែល​គាំទ្រ​ការបះបោរ​បរាជ័យ



តុលាការ​កំពូល​ បានសម្រេច​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ នឹង​កាត់ទោស​សមាជិកសភា​ចំនួន​៧​នាក់​ ដែល​គាំទ្រ​ការបះបោរ​បរាជ័យ​កាលពី​សប្តាហ៍​មុន​ ដែល​រៀបចំឡើង​ដោយ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​ដក​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រមុខ​ចារកម្ម​របស់​ទីក្រុង Caracas ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយសារតែ​ការគាំទ្រ​ការបះបោរ​នេះ​។​

តុលា​ការដែល​បានប្រកាស​អំពី​សេចក្តីសម្រេច​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា ខ្លួន​បានស្នើ​ឲ្យ​អគ្គ​រដ្ឋអាជ្ញា Tarek William Saab ចាត់ចែង​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​ចូលទៅក្នុង​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីបទ​អំពើ​ក្បត់ជាតិ​និង​ឃុបឃិត​។​

មិនយូរប៉ុន្មាន​បន្ទាប់​ពី​សេចក្តីប្រកាស​នេះ សភាធម្មនុញ្ញ​បាន​ដកហូត​អភ័យឯកសិទ្ធិសភា​ពី​តំណាងរាស្ត្រ​ចំនួន​ប្រាំ​ពីររូប​។​

លោក Diosdado Cabello ប្រធានសភា​ធម្មនុញ្ញ​ដែលជា​តួអង្គ​មានអំណាច​ទី​២​របស់​របប​នេះ​បន្ទាប់ពី​លោក​ប្រធានាធិបតី Nicolas Maduro បាន​និយាយថា “​អ្វីដែល​ត្រូវ​កើតមាន​នាពេលនេះ​គឺ​ការកាត់ក្តី​មួយ​”​។ លោក Cabello បាន​បន្ថែមថា សមាជិកសភា​បី​រូប​ទៀត​ដែល​មិន​បញ្ចេញ​ឈ្មោះ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ហើយនឹង​ទទួលបាន​ការកាត់ក្តី​ដូចគ្នានេះ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ លោក Guaido ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដោយ​ប្រទេស​ជាង​៥០​ហើយ​ត្រូវបាន​គេ​ដកហូត​អភ័យឯកសិទ្ធិ​របស់គាត់​កាលពី​ថ្ងៃទី​២​ខែមេសា​គឺ​បានប្រកាស​ថ្កោលទោស​ការសម្រេចចិត្ត​នេះ​។​

លោក​បាន​និយាយថា “​ការឆ្លើយតប​តែមួយគត់​របស់​រដ្ឋាភិបាល​គឺ​ការ​ធ្វើទុក្ខបុកម្នេញ​ព្រោះ​ពួកគេ​លែង​គ្រប់គ្រង​និង​លែងមាន​បទបញ្ជា​ទៀតហើយ​”​។​

នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឯណោះ​វិញ អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​បន្ត​ដាក់​សម្ពាធ​ទៅលើ​របប​របស់លោក​ប្រធានាធិបតី Nicolas Maduro ដោយ​ប្រកាសថា ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រធាន​ចារកម្ម​ដែល​ត្រូវបាន​បណ្តេញចេញ​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ឈ្មោះ Christopher Figuera នឹងត្រូវ​បាន​ដកចេញ​។​

លោក Pence បាន​ថ្លែង​នៅឯ​ក្រសួងការបរទេស​ថា លោក​សង្ឃឹមថា ការ​រត់ចោលជួរ​រប​ស់លោក Figuera នឹង​ជំរុញ​ឲ្យ​ជនជាតិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ជាន់ខ្ពស់​ដទៃទៀត​បំបែក​ខ្លួន​ចេញពី​លោក Maduro៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu