កំពង់ស្ពឺ ៖ ក្រុមអ្នកកាសែត២នាក់ ដែលតែងតែធ្វើសកម្មភាពបើករថយន្តប្រដេញស្ទាក់ និងដាក់កុងត្រូលជជុះជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកអនុផលព្រៃឈើនៅស្រុកឱរ៉ាល់ និងថ្ពង ជាពិសេសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីមានវិធានការតាមផ្លូវច្បាប់។
ការឃាត់ខ្លួនក្រុមកាសែតអនាធិបតេយ្យខាងលើ ធ្វើឡើងកាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៤៥នាទីរសៀល នៅចំណុចអូររទេះភ្លូក ក្នុងភូមិថ្នល់ទទឹង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
អ្នកកាសែតដែលតែងតែធ្វើសកម្មភាពផ្ទុយពីច្បាប់ និងប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំង០២នាក់ ពួកគេជិះរថយន្ត ម៉ាក Toyota តាកូម៉ា ពណ៌ស មានស្លាកលេខ កំពង់ចាម 2A.9398។
នគរបាលបានឲ្យដឹងថា អ្នកកាសែតអនាធិបតេយ្យទាំង០២នាក់មាន ៖ ទី១-ឈ្មោះ កុក គីមថុង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មុខងារ ចាងហ្វាងការផ្សាយ មានលិខិតបញ្ជាបេសកកម្ម ចុះទូទាំងខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
ទី២-ឈ្មោះ កាន ស៊ីម ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយគ្នា មុខងារ ជំនួយការចាងហ្វាងផ្ទាល់ មានលិខិតបញ្ជាបេសកកម្ម ចុះទូទាំងខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសកម្មភាពស្ទាក់ឃាត់គោយន្តដឹកអុសដុល និងអនុផលព្រៃឈរ ដែលប្រជាពលរដ្ឋ បានចូលទៅរកនៅក្នុងព្រៃ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយគោយន្តពី១០-២០ម៉ឺនរៀល។
នគរបាលបានឲ្យដឹងទៀតថា ក្រោយពេល ស្ទាក់ឃាត់ជំរិតទារប្រាក់ ពួកគេអះអាងថា «ខ្លួនជាអ្នកសារព័ត៌មានរស្មីនាគមាស បើមិនឲ្យប្រាក់ទេ គឺពួកគេនឹងថតផ្សាយតាមរយៈសារព័ត៌មាន និងចាប់បញ្ជូនឲ្យទៅជំនាញរដ្ឋបាលព្រៃឈើ កសាងសំណុំរឿងបញ្ជូនទៅតុលាការជាមិនខាន»។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងអធិការដ្ឋាន នគរបាលស្រុកថ្ពង បានចុះទៅឃាត់ខ្លួនជាក់ស្ដែងនៅកន្លែងកើតហេតុ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្ពង សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់។
លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា អ្នកកាសែតរស្មីនាគមាស២នាក់ ដែលតែងតែធ្វើសកម្មភាពស្ទាក់គោយន្តដឹកអនុផលព្រៃឈើនៅស្រុកឱរ៉ាល់ និងស្រុកថ្ពងនោះ ពិតជាត្រូវបានឃាត់ខ្លួនមែន ប៉ុន្តែមិនទាន់បញ្ជូនមកដល់ស្នងការនៅឡើយទេ។
ពាក់ព័ន្ធសកម្មភាពអនាធិបតេយ្យរស់ក្រុមអ្នកសារព័ត៌មានដែលប្រមូលម្តុំគ្នាដាក់កុងត្រូលជជុះ និងប្រដេញគោយន្ត ដើម្បីជំរិតទាប្រាក់ពីពលរដ្ឋនេះ ជាពិសេសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះប្រជាពលរដ្ឋបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ដើម្បីមានវិធានការលើក្រុមនេះ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពសោះ ទើបតែពេលនេះឃាត់ខ្លួនបាន០២នាក់ និងនៅជាច្រើននាក់ទៀតផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះថា«ក្រុមអ្នកកាសែតដែលធ្វើសកម្មភាពអនាធិបតេយ្យស្ទាក់គោយន្តប្រជាពលរដ្ឋដឹកអនុផលព្រៃឈើស្រុកថ្ពង និងឱរ៉ាល់នោះ ពេលនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់ហើយ»។
បច្ចុប្បន្ន អ្នកកាសែតទាំង០២នាក់ សមត្ថកិច្ចកំពុងសួរនាំនៅអធិការដ្ឋានស្រុកថ្ពង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments